(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានលើកឡើងថា គ្មានប្រទេសណាមួយសប្បាយរីករាយ ដោយសារប្រទេសរបស់ខ្លួនអសន្តិសុខ ឬធ្លាក់នៅក្នុងសង្គ្រាមនោះទេ ប្រទេសមានសង្គ្រាម ពលរដ្ឋមិនបានសុខទេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២,០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាន នៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គ្មានប្រទេសណាមួយសប្បាយរីករាយ នៅពេលដែលខ្លួនអសន្ដិសុខទេ គ្មានប្រទេសណាមួយសប្បាយ នៅពេលដែលប្រទេស​របស់ខ្លួន ធ្លាក់នៅក្នុងភ្លើងសង្គ្រាមនោះទេ កុំថាប្រទេសអ្នកមាន ប្រទេសអ្នកក្រ»

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចបានជួបជាមួយនឹងថ្នាក់ដឹកនាំបណ្ដាប្រទេសជាច្រើន គឺបានអបអរសាទរ ចំពោះការរៀបចំរដ្ឋាភិបាល និងដំណើរការប្រទេសកម្ពុជា ដោយមានស្ថេរភាពសន្ដិភាព ព្រោះថា នៅគ្រប់ប្រទេសទាំងអស់ ស្គាល់នូវតម្លៃនូវការអនុវត្ដ លទ្ធិប្រជាធិបតេយ្យផ្អែកលើច្បាប់ និងធ្វើឲ្យប្រជាជនមានសេចក្ដីសុខ។

ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើប្រទេសកម្ពុជា មិនជ្រើសរើសយកការបោះឆ្នោតទេ កម្ពុជានឹងមានសង្គ្រាម បង្កជាអស្ថិរភាពទៅវិញ ប្រជាពលរដ្ឋនឹងជួបការលំបាក គ្មានការវិនិយោគ និងរោងចក្រឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានតែការបោះឆ្នោតតាមរដ្ឋធម្មនុញ្ញទេ ដែលជាមធ្យោបាយសន្តិវិធីល្អបំផុត ក្នុងការជ្រើសរើសមេដឹកនាំប្រទេស មិនមែនផ្លាស់ប្តូរតាមការអំពាវនាវ ឬផ្តួលរំលំនោះឡើយ។ សម្ដេចបន្ដថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប ជាការទទួលស្គាល់ និងធ្វើឲ្យរដ្ឋាភិបាលបច្ចុប្បន្ន ជារដ្ឋាភិបាលស្របច្បាប់យ៉ាងពិតប្រាកដ។