(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធជាមួយគណបក្ស២៧ផ្សេងទៀត និងឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន៖

* សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមកោតសរសើរដល់គណបក្សទាំង២៨ ដែលរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ។

* សម្តេចតេជោថ្លែងថា គណបក្សទាំងអស់មិនស្ថិត នៅការគ្រប់គ្រងគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជា បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញអនុប្រធានបក្សប្រជាជនទាំង៤រូប ចូលរួមនៅពេលនេះដែលមានចំនួនច្រើនជាងបក្សដទៃ គឺក្នុងនាមជាម្ចាស់ផ្ទះ ជាការទទួលភ្ញៀវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីគណបក្សប្រជាជន មានធនធានមនុស្សច្រើន និងមានធនធានហិរញ្ញវត្ថុ តែមិនបានមើលឃើញគណបក្សផ្សេងៗថាតូច មិនមែនជាដៃគូរបស់ខ្លួននោះទេ គឺស្មើភាព និងស្មើសិទ្ធិគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងចុះកិច្ចព្រមព្រៀងនេះ គឺមានការគ្របដណ្តប់ក្នុងរដ្ឋធម្មនុញ្ញ។

* សម្តេចបានចោទជាសំណួរថា សម្តេចមិនយល់មនុស្សមួយចំនួន ដែលបានបកស្រាយមិនត្រឹមត្រូវ លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ដោយសម្តេចបានរំលឹកពីដំណើរការនៃការចុះកិច្ចព្រមព្រៀងទៀតទីក្រុងប៉ារីស។

* សម្តេចបានចាត់ទុកការបកស្រាយរបស់ក្រុមមួយចំនួននោះ គឺបំពានលើភាពជាក់ស្តែង នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបានសម្តេចចង់បានការគោរពនូវសច្ចភាពនៅអ្វីដែលបានឆ្លងកាត់ ហើយពេលនេះកម្ពុជាគោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

* សម្តេចបានថ្លែងថា សម្តេច និងសម្តេចនរោត្តម សីហនុ គឺជាតួអង្គ២នាក់ដែលសំខាន់ នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកសង្កត់លើរដ្ឋធម្មនុញ្ញកម្ពុជា គឺជារឿងមិនត្រឹមត្រូវទេ។

* សម្តេចបានថ្លែងថា​ ក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយបក្សនយោបាយទាំង២៨ មានចំណុចដែលតម្រូវឱ្យមានការពាររបបរាជនិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ មានក្រុមប្រឆាំងបានបំពាន និងប្រមាថលើព្រះមហាក្សត្រ រួមទាំងការទាមទារឱ្យព្រះមហាក្សត្រ ដាក់រាជជាដើម។

* សម្តេចតេជោបានថ្លែងថា ការពាររបបរាជានិយមបានទាមទារឱ្យមានចលនាជាតិនិយមមួយ ដែលទាមទារឱ្យគណបក្សនយោបាយចូលរួមផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការពារទឹកដី ការពារសន្តិភាព និងស្ថិរភាព គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា «ពេលមានសន្តិភាព គេមិនសូវនឹកពីតម្លៃនៃសន្តិភាពទេ ប៉ុន្តែពេលមានសង្គ្រាមទើប គេនឹករកសន្តិភាព»

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណាក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឱ្យខាងតែបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនា៩វិច្ឆិកា ដែលជាចលនានៃការផ្តួលរំលំរាជរដ្ឋាភិបាល គឺមិនត្រូវអត់ឱនទេ ហើយតុលាការកំពុងបន្តដំណើរការលើរឿងក្តីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានជូនសារដល់បរទេស និងអង្គការមួយចំនួន ឱ្យឆាប់ដកខ្លួនចេញពីចលនាបដិវត្តពណ៌ យើងមិនអាចទទួលយកបានទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយជ្រុលនិយម គឺជាការនាំឱ្យកើតបដិវត្តន៍ពណ៌ ដែលយើងត្រូវរួមគ្នាទប់ស្កាត់ និងកម្ចាត់ចោល។

* សម្តេចបានអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បីកម្ចាត់នូវចលនាជ្រុលនិយម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ឬគណបក្សប្រជាជន ពិតជាលំបាកណាស់ក្នុងការគាំទ្រ លើអ៉ីស្រាអែល ឬក្រុមហាម៉ាស របស់ប៉ាឡេស្ទីន ដោយសារតែមានចលនាជ្រុលនិយម។

* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយ សម្រាប់សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង២៨ ដែលចុះព្រមព្រៀងនេះ រួមមានទាំងការជួបប្រជុំ ទីតាំងជួបជុំ រយៈពេលជួបប្រជុំជាដើម។

* សម្តេចបានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺបើកទូលាយឱ្យគណបក្សផ្សេងទៀត ចួលរួមក្នុងសម្ព័ន្ធភាព ដែលត្រូវទាមទារឱ្យមានការស្រុះស្រួលគ្នាមួយ ដែលទាមទារឱ្យមានបទបញ្ជាផ្ទៃក្នុងមួយថា តើជ្រើសរើសយកការសម្រេចបែបកុងសង់ស៉ីស ឬ៥០បូក១?

ខាងក្រោមជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបសំណួរអ្នកសារព័ត៌មាន៖

* សម្តេចតេជោ ហ៊ុន សែន ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា យើងត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជាងពាក់កណ្តាលនៃគណបក្សនយោបាយដែលមាននៅកម្ពុជា ដែលបានចងសម្ព័ន្ធភាពជាមួយគ្នានាពេលនេះ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាយើងខុសគ្នាត្រង់ចំណុចនេះចំណុចនោះ ប៉ុន្តែយើងស្របគ្នានូវចំណុចធំ សម្រាប់ប្រទេសយើង បើសិនដូចគ្នាទាំងស្រុងវាមិនចាំបាច់មានគណបក្សផ្សេងនោះទេ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចងសម្ព័ន្ធនេះមិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះ ដែលមានគោលដៅរយៈពេលខ្លីនោះទេ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ព័ន្ធភាពរវាងបក្សនយោបាយ២៨ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសរបស់យើង

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា អាណត្តិមុន សម្តេចផ្តួចផ្តើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយមានសមាជិកមកពីគណបក្សចូលរួមការបោះឆ្នោត ប៉ុន្តែអាណត្តិនេះ នាយករដ្ឋមន្រ្តីថ្មី មានគំនិតមួយទៀត ដែលយកសមាសភាពគណបក្សដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាសភាពថ្មី ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាឱកាសសម្រាប់បក្សនយោបាយទាំងអស់ផ្តល់ធាតុចូលរាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចុះហត្ថលេខាលើសម្ព័ន្ធភាពថ្ងៃនេះ គឺស្ថិតនៅក្នុងគោលដៅមួយចំនួន ដែលយើងបានដាក់ចូលទៅក្នុងកិច្ចព្រមព្រៀងនេះ ដែលនឹងធ្វើការសហការជាមួយគ្នាក្នុងគោលដៅទូលាយ ដូចជាការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍ និងការកម្ចាត់ចោលនយោបាយជ្រុលនិយម ដែលគ្រោះថ្នាក់រយៈពេលវែងសម្រាប់កម្ពុជា ហើយមិនគួរឱ្យកើតមានឡើងចំពោះកម្ពុជាទៀតទេ

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មេចលនាជ្រុលនិយម ពេលនេះអាយុ៧៥ហើយ មិនអាចមាន១០ឆ្នាំច្រើនដងទៀតទេ តែបើមេជ្រុលនិយមងាប់ នោះកូនវាក៏មិនមែនទៀតដែរ។

* សម្តេចតេជោ ហ៊ុន សែន រំពឹងថា កម្លាំង២៨គណបក្ស ដែលមានសមាជិករាប់លាននាក់ នឹងក្លាយជាកម្លាំងធំមួយ ដើម្បីទប់ស្កាត់កម្លាំងនយោបាយជ្រុលនិយម ហើយក្រុមជ្រុលនិយម ក៏មិនអាចមកពង្រីកកម្លាំងបាន ហើយផ្ទុយទៅវិញនឹងរំលំរលាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សនយោបាយទាំង២៧ ដែលចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជាកូនចៅគណបក្សប្រជាជនកម្ពុជាទេ ហើយក៏មិនមានការប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនោះទេ ផ្ទុយទៅវិញវានឹងធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា កាន់តែល្អប្រសើរ។

* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបក្សនយោបាយ ដែលចងសម្ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា រៀបចំទូកង ប្រគួតប្រជែងគ្នា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ខាងមុខនេះ។

* សម្តេចបញ្ចប់សន្និសីទ សារព័ត៌មាន នៅម៉ោង១០៖៣៣នាទី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣៕