(ចិន)៖ កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឲ្យក្រុមហ៊ុន Beijing Urban Construction Group (BUCG) ដឹកនាំដោយលោក Davis Li ប្រធានគ្រប់គ្រងទូទៅទទួលបន្ទុកកិច្ចការអន្តរជាតិរបស់ក្រុមហ៊ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុន បានសម្តែងការស្ងើចសរសើរដល់ប្រទេសកម្ពុជានូវស្ថិរភាពនយោបាយ ភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ការលូតលាស់នៃសក្តានុពលក្នុងការអភិវឌ្ឍ កំណើនហេដ្ឋារចនាសម្ព័ន្ធរូបវន្តពេញផ្ទៃប្រទេស ដែលបង្ហាញឱ្យឃើញពីចក្ខុវិស័យក្នុងការប្រគួតប្រជែងរបស់ប្រទេសកម្ពុជា ហើយលោកក៏បានទទួលស្គាល់អំពីភាពជោគជ័យរបស់ថ្នាក់ដឹកនាំកម្ពុជា នៅក្នុងកម្មវិធីខ្សែក្រវាត់ និងផ្លូវផងដែរ។ ក្រុមហ៊ុន បានជម្រាបបង្ហាញអំពីប្រវត្តិប្រតិបត្តិការរបស់ខ្លួននៅប្រទសកម្ពុជា ដែលចាប់ផ្តើមកាលពីឆ្នាំ២០១៥កន្លងទៅ នៅក្នុងវិស័យជាច្រើនរួមមាន ប្រព័ន្ធចម្រុះទឹកកខ្វក់ ប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗទៀត។

សមិទ្ធផលនានា និងវឌ្ឍនភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗក្នុងប្រទេសកម្ពុជា ក៏ត្រូវបាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកបង្ហាញផងដែរតាមរយៈអង្គជំនួបនេះ។ ក្នុងនោះ ប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាហេដ្ឋារចនាសម្ព័ន្ធមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន BUCG ក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់មួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ញើញលោកប្រធានក្រុមហ៊ុនចុះមកធ្វើទស្សនកិច្ចហេដ្ឋារចនាសម្ព័ន្ធថ្មីៗដែលទើបសម្រេចបាន និងអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាលម្អិតអំពីសក្តានុពលវិនិយោគនៅកម្ពុជា៕