(ពោធិ៍សាត់)៖ កិច្ចប្រជុំស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៦នេះ នៅសណ្ឋាគារ ខេ អឹម ស្ថិតនៅក្រុងពោធិ៍សាត់ ក្នុងគោលបំណងបង្ហាញពីសក្តានុពល របស់ខេត្តទាំងពីរ ដោយផ្តោតសំខាន់ទៅលើ វិស័យពាណិជ្ជកម្ម ការវិនិយោគទុន វិស័យវប្បធម៌ វិស័យកសិកម្ម វិស័យទេសចរណ៍ និងបញ្ហាពលករខ្មែរធ្វើការនៅប្រទេសថៃ។
អញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនោះរួមមាន ខាងភាគីកម្ពុជាលោក ម៉ៅ ធនិន អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុងស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដោយឡែកភាគីថៃរួមមាន លោកបណ្ឌិត ប្រថានសុរៈគិតប៉ៈវ៉ន អភិបាលរងខេត្តត្រាត និងប្រតិភូរបស់ខេត្តត្រាត ចំនួន ៤០នាក់ផងដែរ។
លោក ម៉ៅ ធនិន បានសម្តែងនូវសេចក្តីសោមនសរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូខេត្តត្រាត ព្រមទាំងបានជម្រាបជូនថា ខេត្តពោធិ៍សាត់ ស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា មានចម្ងាយ១៨៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីជាង១លានហិកតា ចែកចេញជា១រដ្ឋបាលក្រុង មាន៥ស្រុក ៧សង្កាត់ ៤២ឃុំ និង៥១១ភូមិ មានប្រជាពលរដ្ឋជាង១០៦ពាន់គ្រួសារ និងមនុស្សជាង ៤៧៣ពាន់នាក់។
លោកបានជម្រាបជូនដែរថា ខេត្តមានសក្តានុពលដូចជា វិស័យគមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ដែលវិស័យទាំងអស់នេះ បានបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ឋឲ្យ មានការរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានោះ លោក ម៉ៅ ធនិន បានអំពាវនាវឲ្យភាគីថៃបន្តប្រកាន់ឥរិយាបថមនុស្សធម៌តទៅទៀត ដោយចាត់ការតាមផ្លូវច្បាប់ ជំនួសការប្រើប្រាស់អាវុធចំពោះជនល្មើសទាំងឡាយ និងសូមឲ្យភាគីខេត្តត្រាតពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញបង្កើនកាឡានុវត្តភាពលើគ្រប់វិស័យ ពិសេសផ្តោតទៅលើការពង្រឹងសហប្រតិបត្តិការទំនាក់ទំនងការងារព្រំដែន ការធ្វើចរាចរណ៍ប្រជាពលរដ្ឋ ទីតាំងលក់ដូរ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងវិនិយោគ។
លោកបានបញ្ជាក់ផងដែរថា ដោយសារខេត្តមានច្រក ចំនួន៤ តាមបន្ទាត់ព្រំដែន ជាប់ជាមួយខេត្តត្រាត កន្លងមកភាគីថៃអនុញ្ញាតឆ្លងកាត់ បានតែថ្ងៃសៅរ៏ក្នុងមួយសប្តាហ៍ និងសំណូមពរឲ្យបាន៣ថ្ងៃ ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ដោះដូរទំនិញបានល្អប្រសើរ។ លោកបណ្ឌិត ប្រថានសុរៈគិតប៉ៈវ៉ន អភិបាលរងខេត្តត្រាត និងជាប្រធានគណៈប្រតិភូបានថ្លែង ដោយពាំនាំយកនូវរាល់គោលការណ៍ និងសំណូពរពីសំណាក់លោក អភិបាលខេត្ត និងមន្ទីរពាក់ព័ន្ធទាំងអស់ ដាក់ជូនរដ្ឋបាលខេត្តត្រាត និងរាជរដ្ឋាភិបាលថៃ ដោយបានថ្លែងថា ខេត្តពោធិ៍សាត់ និងខេត្តត្រាត មានព្រំដែនជាប់គ្នា គឺទៅថ្ងៃខាងមុខ ពិសេសនៅពេលផ្លូវជាតិលេខ៥៥ ដំណើរការហើយនោះ យើងបើកច្រកសេដ្ឋកិច្ចព្រំដែនឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋនៅតំបន់នោះ ផ្លាស់ប្តូរទំនិញបានងាយស្រួល។
លោកបានលើកឡើងទៀតថា កន្លងមកភាគីថៃតែងតែ បានសម្រួលទៅដល់ប្រជាពលរដ្ឋឆ្លងដែន ទៅពិនិត្យព្យាលជំងឺ និងផ្លាស់ប្តូរទំនិញក្នុងទឹកដីថៃ ពី៥០០ទៅ៦០០នាក់ ក្នុងមួយសប្តាហ៍ តែទោះជាយ៉ាងនេះក៏ដោយ គឺនៅពេលខាងមុខយើង នឹងបើកបន្ថែមទៀតទៅតាមស្ថានភាព ជាក់ស្តែងនៅក្នុងតំបន់នោះ៕