(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិសុខ និងអភិវឌ្ឍ និងជាអនុប្រធានសាខាកាកបាទក្រហមយុវជនកម្ពុជាខេត្ត នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បាននាំយកអំណោយ ផ្ដល់ជូនគ្រួសារងាយរងគ្រោះ ៣០គ្រួសារ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកស្រី បានថ្លែងថា ទោះបីជាអំណោយទាំងនេះ មានចំនួនតិចតួចក្ដី ក៏វាជាផ្នែកមួយជួយកាត់បន្ថយ ភាពខ្វះខាត របស់បងប្អូនបានមួយកម្រិតផងដែរ។ ទន្ទឹមនឹងនោះ លោកស្រី បានផ្ដែផ្ដាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះថា «រដូវនេះជារដូវភ្លៀងធ្លាក់ សូមបងប្អូនប្រុងប្រយ័ត្ន ក្នុងការថែរក្សាសុខភាព ក៏ដូចជាការពារកូនចៅជៀសវាងពីមូសខាំ ដែលអាចបង្កឲ្យ កើតជម្ងឺគ្រុនឈាម»។
សូមបញ្ជាក់ថា អំណោយដែលត្រូវបានផ្ដល់ជូន ក្នុងមួយគ្រួសារទទួលបាន សារុង១ ក្រមា១ ទឹកដោះគោ១កំប៉ុង សាប៊ូលុច១ដុំ ថ្នាំដុះធ្មេញ១បំពង់ ច្រាសដុះធ្មេញ១ នំ១ធុង សាប៊ូម្សៅ១កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអីវ១យួរ ប្រេងឆា ១ដប ប៊ីចេង ១កញ្ចប់ អំបិល ១កញ្ចប់ ស្ករស ១កញ្ចប់ ប្រេងកូឡា ១ដប អង្ករ ២៥គ.ក្រ ភួយ១ អាវរងារ និងថវិកា ៤០,០០០រៀល ផងដែរ៕