(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានថ្លែងថា មូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារក្រីក្រ ចាប់ផ្តើមអនុវត្តដំបូងនៅឆ្នាំ២០០០ ហើយត្រូវបានពង្រីកជាបន្តបន្ទាប់រហូតដល់គ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកទូទាំងប្រទេសនៅឆ្នាំ២០១៥ ហើយបើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន ១,៣៦០កន្លែង។

ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣នេះ។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបន្ដថា មូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន ១,៣៦០កន្លែង ដែលកំពុងអនុវត្តនៅមណ្ឌលសុខភាព/មណ្ឌលសុខភាពមានគ្រែ ១,២៣៦កន្លែង មន្ទីរពេទ្យបង្អែកក្រុង/ស្រុក/ខណ្ឌ ៩២ កន្លែង មន្ទីរពេទ្យរាជធានី-ខេត្ត ២៥កន្លែង និងមន្ទីរពេទ្យជាតិ ៧កន្លែង។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា មូលនិធិសមធម៌សុខាភិបាលបានពង្រីកការគ្របដណ្តប់លើប្រជាជនគោលដៅផ្សេងទៀតជាបន្តបន្ទាប់ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ប្រជាជនគោលដៅទទួលបានបណ្ណសមធម៌ តាមរយៈប្រព័ន្ធកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រទុកជាមុនរបស់ក្រសួងផែនការរួមមាន៖ គ្រួសារក្រីក្រ ៧៧៩,៥១៤គ្រួសារ ស្មើនឹង៣,២១៤,១៣៣នាក់ កម្មករក្រៅប្រព័ន្ធ (សមាគមម៉ូតូឌុប រ៉ឺម៉កកង់បី កម្មករធាក់ស៊ីក្លូ) ៧៨,៣០១ នាក់ ប្រជាជនផ្ទុកមេរោគអេសដ៍ ១៧,៥៩៣នាក់ និងកម្មករ-និយោជិតក្នុងវិស័យកំសាន្ដនិងទេសចរណ៍ក្រៅប្រព័ន្ធ ២,៧៨១នាក់។

រវាងឆ្នាំ២០១៨-ឆ្នាំ២០២២ គ្រួសារក្រីក្រដែលគាំពារដោយមូលនិធិសមធម៌សុខាភិបាល បានមកប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅសរុបចំនួន ១៤,១៦៤,១៣១ករណី និងសម្រាកពេទ្យសរុបចំនួន ៨១៤,៦៦៥ករណី។ ដោយឡែកពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ គ្រួសារក្រីក្រគាំពារដោយមូលនិធិសមធម៌សុខាភិបាល បានមកប្រើប្រាស់សេវាពិគ្រោះជំងឺក្រៅសរុប ១,៧៦១,៣៣៧ករណី និងនៅមន្ទីរពេទ្យសម្រាកព្យាបាលសរុប ១៤៥,៧០៨ករណី។ ការសម្រាលកូនមានចំនួន ១៥,៦០៦នាក់ នៅមណ្ឌលសុខភាព និង១៤,២៧២ នាក់ទៀតនៅមន្ទីរពេទ្យ។

លោករដ្ឋមន្ដ្រី ឈាង រ៉ា បានថ្លែងទៀតថា ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា «ការ-ពង្រីកការផ្តល់សេវាសុខាភិបាលឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» ក្រសួងសុខាភិបាល និងអង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់នឹងបន្តការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់បំផុត និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីកែលម្អគុណភាពសេវាឱ្យកាន់តែប្រសើរឡើងផង និងពង្រីកការគ្របដណ្តប់នៃសេវាផង ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសុខភាពរបស់
ប្រជាជន ស្របតាមស្ថានការណ៍វិវត្តនៃប្រជា-សាស្ត្រ បន្ទុកជំងឺ តថភាពសង្គម-សេដ្ឋកិច្ច បច្ចេកវិទ្យាវេជ្ជសាស្ត្រ និងព័ត៌មានវិទ្យា/ឌីជីថល ជាដើម។ល៕