(ត្បូងឃ្មុំ)៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញក.ប.ប.ខេត្ត បន្តចុះធ្វើការអប់រំ ផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជាង ២០០នាក់ នៅបន្ទប់តេស្ត ក្នុងបរិវេណវិទ្យាល័យជា ស៊ីម កណ្តាលជ្រុំ ស្ថិតនៅភូមិកណ្តោលជ្រុំ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្នុងឱកាសនោះ លោក សាន វិជ្ជាសារ៉ាវុធ បានលើកឡើងថាការចុះអប់រំផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបចំណេះដឹងបន្ថែមអំពី គុណភាព សុវត្ថិភាពម្ហូបអាហារ ដល់អ្នកប្រើប្រាស់ ដើម្បីជ្រើសរើសយកចំណីអាហារណាដែលល្អ សម្រាប់ បរិភោគ ឱ្យមានលក្ខណៈស្តង់ដារ ហើយជាចំណីអាហារច្បាស់លាស់ប្រកបដោយគុណភាព ។

ទន្ទឹមនោះនាពេលបច្ចុប្បន្ននេះ ចំណីអាហារកាន់តែមានកើនឡើង ហើយការបង្រ្កាបពីសំណាក់មន្រ្តីជំនាញនៅតែបន្តអនុវត្តយ៉ាងសស្រាក់សស្រាំ សំដៅបង្កើនការការពារដល់សុខភាពអ្នកប្រើប្រាស់ និងជៀសវាងការប្រើប្រាស់ចំណីអាហារណា ដែលហួសសុពលភាព និងគ្មានកាលបរិច្ឆេតច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ ។

លោក សាន វិជ្ជាសារ៉ាវុធ គូសបញ្ជាក់ថា តាមផែនការដែលបានគ្រោងទុក មន្ត្រីសាខាក.ប.បខេត្ត បានបន្តចុះធ្វើការអប់រំផ្សព្វផ្សាយ និងធ្វើបទបង្ហាញ ដោយផ្ទាល់ជាមួយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ស្តីពីសុវត្ថិភាពម្ហូបអាហារ ចាប់តាំងពីមេត្តេយ្យសិក្សា ដល់ ឧត្តមសិក្សា និងអ្នកលក់ដូរក្នុងសាលារៀន ទូទាំងខេត្តត្បូងឃ្មុំទាំងមូល ដោយយ៉ាងតិច ២ លើក ក្នុង ០១ខែ រៀងរាល់ខែ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា បានបញ្ជាក់បន្ថែមថា សាខា ក.ប.ប ខេត្តត្បូងឃ្មុំ បានបន្តអនុវត្តតាមច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ គឺតម្រូវអោយអាជីវករ សេវាករ និងពាណិជ្ជករ ទាំងអស់ ត្រូវបិទស្លាកតម្លៃលើមុខទំនិញ ឬសេវាកម្មគ្រប់ប្រភេទ ជាពិសេសតាមបណ្តាតំបន់ទេសចរណ៍ អោយបានខ្ជាប់ខ្ជួន ទូទាំងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស ។ ដោយឡែក អ្នកដែលមិនអនុវត្តតាមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនោះទេ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមជម្រាបជូនថា ក្នុងសកម្មភាពនៅវិទ្យាល័យកណ្តោលជ្រុំនោះ មន្ត្រីជំនាញបានធ្វើបទបង្ហាញដល់ សិស្សានុសិស្ស ពាក់ព័ន្ធផ្ទាំងរូបភាពលើផលិតផលទំនិញនានាជាច្រើនមុខ និងការជ្រើសរើសទំនិញដែលមានគុណភាពល្អ ដើម្បីយកទៅប្រើប្រាស់ ជៀសវាងការទិញទំនិញដែលគ្មានគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលបង្កទុក្ខទោសដល់សុខភាពអ្នកប្រើប្រាស់៕