(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលជាលើកទី២ នូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ដែលសរុបជាទឹកប្រាក់ចំនួន ២២,១៧០,០០០រៀល ពី ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការ វត្តមណិរតនារាម (ទួលទំពូង) ដែលស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ក្រុមកាកបាទក្រហមកម្ពុជា សង្កាត់ទាំង ៦ នៃខណ្ឌចំការមន ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យ និងនមស្ការសង្ខេបទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

បន្ទាប់ពីបានធ្វើបទនមស្ការសង្ខេបចប់សព្វគ្រប់ហើយ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់។

ជាមួយគ្នានេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទួលទំពូងទាំងអស់ ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនកាកបាទក្រហមកម្ពុជា សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះ លោកស្រី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។

សូមបញ្ជាក់ថា ទេយ្យទាន (សង្គហទាន) នៃវត្តមណិរតនារាម (ទួលទំពូង) ជូនដល់ កាកបាទក្រហមកម្ពុជា ជាលើកទី២នេះ រួមមាន ៖ អង្ករ ៣០បាវ, ទឹកក្រូច ៥០កេស, មី ៥០កេស, ទឹកបរិសុទ្ធ ៥០កេស, ទឹកដោះគោ ៥០០កំប៉ុង, តែ ៥០០កញ្ចប់, ស្ករ ៥០០គីឡូក្រាម, បន្លុង ៨ឈុត និងបច្ច័យចំនួន ១០លានរៀល ដែលសរុបជាទឹកប្រាក់លើទេយ្យទានទាំងនេះមានចំនួន ២២.១៧០.០០០រៀល។

ដោយឡែក ក្នុងឱកាសនោះដែរ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការ វត្តមណិរតនារាម (ទួលទំពូង) ក៏បានប្រទានទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន រួមមាន៖ អង្ករ ១០បាវ, ទឹកក្រូច ៣០កេស, មី ៣០កេស, ទឹកបរិសុទ្ធ ២០កេស, ទឹកដោះគោ ១០០កំប៉ុង, តែ ៣០០កញ្ចប់, ស្ករ ២០០គីឡូក្រាម និងបច្ច័យ ៥លានរៀល។ ប្រទានដល់ ក្រុមកាកបាទក្រហមសង្កាត់ទាំង៦ នៃខណ្ឌចំការមន ដោយក្រុមកាកបាទក្រហមសង្កាត់នីមួយៗទទួលបាន ៖ អង្ករ ៥បាវ, ទឹកក្រូច ២០កេស, មី ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកដោះគោ ៧៥កំប៉ុង, តែ ១០០កញ្ចប់, ស្ករ ១០០គីឡូក្រាម និងបច្ច័យ ២,៥០០,០០០រៀល៕