(ភ្នំពេញ)៖ ក្រសួងការបរទេសជប៉ុន សម្រេចបញ្ជូនសិស្សស័្មគ្រចិត្ត ៤រូប មកបង្វឹកកីឡាយូដូនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ ក្រោមកម្មវិធី «កីឡាសម្រាប់ថ្ងៃស្អែក»។
តាមសេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែល Fresh News ទទួលនៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ការបង្វឹកកីឡាយូដូ ដែលជាជាកីឡាយុទ្ធសិល្ប៍ ដ៏ល្បីល្បាញបំផុតរបស់ជប៉ុននេះ ធ្វើឡើងដោយមានការសហការ ជាមួយសហព័ន្ធយូដូជប៉ុន ដោយលោក ហ្គោតារ៉ូ អូហ្គាវ៉ា ទីប្រឹក្សាសហព័ន្ធយូដូជប៉ុន និង ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ជាអ្នកដឹកនាំក្រុម។
លិខិតដដែលនេះ ក្រុមស័្មគ្រចិត្តមានគម្រោង បណ្ដុះបណ្ដាលយុវជន ដែលហ្វឹកហាត់កីឡាយូដូនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប បន្ដទៀតផងដែរ។ ជាមួយគ្នានេះដែរ ស្ថានទូតជប៉ុន សង្ឃឹមថា ការបញ្ចូលក្រុមស្ម័គ្រចិត្តទាំងនេះ នឹងអាចពង្រឹងនូវទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា ក៏ដូចជាអភិវឌ្ឍចលនា ឆ្ពោះទៅកាន់កីឡាអូឡាំពិក និងកីឡាប៉ារ៉ាឡាំពិកតូក្យូ២០២០។
តាមសេចក្តីប្រកាសដដែល បានបញ្ជាក់ផងដែរថា កម្មវិធីនេះមានគោលដៅជំរុញ កិច្ចសហប្រតិបត្តិការអន្ដរជាតិ និងការផ្លាស់ប្ដូរនៅក្នុងវិស័យកីឡា ក្នុងចំណោមប្រទេសជប៉ុន និងបណ្ដាប្រទេសដទៃទៀត តាមរយៈការបញ្ជូនអត្តពលិក និងគ្រូបង្វឹក ដែលជាផ្នែកមួយនៃកម្មវិធី «កីឡាសម្រាប់ថ្ងៃស្អែក» ដោយរដ្ឋាភិបាលជប៉ុន។
សូមបញ្ជាក់ថា «កីឡាសម្រាប់ថ្ងៃស្អែក» គឺជាកម្មវិធីដែលផ្ដូចផ្ដើមឡើង ដោយរដ្ឋាភិបាលជប៉ុន ដើម្បីផ្សព្វផ្សាយកីឡាទៅកាន់ប្រជាជនជាង ១០លាននាក់ក្នុងប្រទេស រវាងឆ្នា២០១៤ និងឆ្នាំ២០២០ ជាឆ្នាំដែលទីក្រុងតូក្យូ និងធ្វើជាម្ចាស់ផ្ទះកីឡាប៉ារ៉ាឡាំពិក និង កីឡាអូឡាំពិករដូវក្ដៅ។ គោលដៅ ជំរុញតម្លៃដែលបានហាត់រៀនតាមរយៈកីឡា និងបង្កើនការយល់ដឹងអំពីចលនាកីឡាប៉ារ៉ាឡាំពិក និងកីឡាអូឡាំពិក ទៅកាន់ប្រជាជនគ្រប់ជំនាន់ នៅទូទាំងពិភពលោក៕