(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំសិស្សានុសិស្ស ធ្វើយ៉ាងណាត្រូវខិតខំបង្កើននូវសមត្ថភាព និងលទ្ធភាពបន្តទៀត ដើម្បីឲ្យដល់គោលដៅ នៃបំណងប្រាថ្នារបស់ក្មួយៗ ហើយត្រូវខិតខំព្យាយាម យកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីឈានទៅទទួលបាននិទ្ទេសល្អ ក្នុងការប្រឡងចូលថ្នាក់អនុវិទ្យាល័យ។

ការណែនាំបែបនេះរបស់លោកអភិបាលខេត្ត បានធ្វើឡើងពិធីប្រកាសលទ្ធផលសិស្សពូកែកម្រិតបឋមសិក្សា ពានរង្វាន់​អភិបាលខេត្តកែប នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែប​។ ​

លោក សោម ពិសិដ្ឋ បានកោតសរសើរ និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ​ អាណាព្យាបាល ព្រមទាំងក្មួយៗសិស្សានុសិស្ស ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ រហូតទទួលបានលទ្ធផល នាថ្ងៃនេះ ជាពិសេសក្មួយៗ ដែលបានប្រឡងជាប់ចំណាត់ថ្នាក់ និងទទួលបានជ័យលាភី នេះគឺជាកិត្តិយសណាស់សម្រាប់ខ្លួនឯង ក្រុមគ្រួសាររបស់ក្មួយៗ ក៏ដូចជាខេត្តកែបយើងផងដែរ។

លោកអភិបាលខេត្ត បានបន្តថា​ ការបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងបណ្តុះស្មារតី ផ្នត់គំនិតរបស់កុមារឲ្យស្រលាញ់ការសិក្សារៀនសូត្រ តាំងពីថ្នាក់បឋមសិក្សានេះទៅ ដើម្បីជាត្រីវិស័យសម្រាប់ពួកគេទៅថ្ងៃខាងមុខ ហើយពានរង្វាន់នេះ យើងបានរៀបចំ ចំនួន២លើកហើយ រាប់ទាំងឆ្នាំនេះផងដែរ។

លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថា ការប្រឡងប្រជែងដណ្តើមជ័យលាភីសិស្សពូកែកម្រិតបឋមសិក្សាថ្នាក់ទី៥ និងទី៦ ត្រូវបានរៀបចំឡើងតាមការជូនដំណឹង របស់រដ្ឋបាលក្រុងកែប ក្នុងនោះមានការចូលរួមពីគ្រឹះស្ថាន បឋមសិក្សាសាធារណៈចំនួន៩ ទូទាំងក្រុងកែប ដែលបានរៀបចំឡើងលើកទី២ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ដោយមានវិញ្ញាសារប្រលងចំនួន០៤ រួមមាន ភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេស និងវប្បធម៌ទូទៅ។

បេក្ខជនដែលបានចូលរួមប្រលង សរុបចំនួន ៦៦នាក់ ស្រី៤៨នាក់ ក្នុងនោះសិស្សថ្នាក់ទី៥ សរុបចំនួន ៣៣នាក់ ស្រី២៦នាក់ និងសិស្សថ្នាក់ទី៦ សរុបចំនួន ៣៣នាក់ ស្រី២២នាក់។ ចំពោះសិស្សានុសិស្ស ដែលទទួលបានជ័យលាភីពីលេខ១ ដល់លេខ៥ ទទួលបានថវិកា និងសម្ភារសិក្សាមួយចំនួនធំ ពីលោកអភិបាលខេត្ត។

គួរបញ្ជាក់ថា ជ័យលាភីសិស្សពូកែថ្នាក់បឋមសិក្សា មកពីជុំវិញក្រុងកែប ក្នុងនោះសិស្សចំនួន១០នាក់ ទទួលបានពាន និងរង្វាន់លើកទឹកចិត្ត ពីលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប៕