(តូក្យូ-ជប៉ុន)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ហើយនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Kamikawa Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន និងបានឯកភាពធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ស្របពេលឆ្នាំនេះជាខួបទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។

លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ជូនលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន អំពីការបន្តគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ខាងមុខ នៅទីក្រុងតូក្យូ។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Kunihiko Hirabayashi អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់រិះរកវិធីដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរវាងអាស៊ាន និងជប៉ុន។

លោកបណ្ឌិត កៅ គឹមហួន បានកោតសរសើរតួនាទីរបស់មជ្ឈមណ្ឌលនេះ ក្នុងរយៈពេលកន្លងមក ក្នុងការផ្តួចផ្តើមសកម្មភាព និងកម្មវិធីនានា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅជប៉ុននេះ នៅរសៀលថ្ងៃដដែលលោកបណ្ឌិត កៅ គឹមហួន បានជួបជាមួយអ្នកជំនាញផ្នែកសិក្សាធិការ មកពីសាកលវិទ្យាល័យឈានមុខ និងស្ថាប័នស្រាវជ្រាវនានាក្នុងប្រទេសជប៉ុន។ នៅក្នុងឱកាសនោះ ក៏មានការពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើបញ្ហាគន្លឹះនានា រួមទាំងបញ្ហាក្នុងតំបន់ និងសកលលោក។

នាឱកាសបំពេញទស្សនកិច្ចការងារថ្ងៃដំបូងនៅប្រទេសជប៉ុន នេះលោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Kishida Fumio  នាយករដ្ឋមន្ត្រីជប៉ុន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងការប្តេជ្ញាចិត្តក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឱ្យមានអត្ថន័យ និងមានប្រយោជន៍ទៅវិញទៅមក។

លោកបណ្ឌិត ក៏បានសំដែងនូវអំណរគុណចំពោះការគាំទ្ររបស់ជប៉ុន នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ក៏ដូចជា ការអនុម័តនូវសេចក្តីប្រកាសចក្ខុវិស័យថ្មីមួយ ដែលនឹងដាក់ចេញទិសដៅអនាគតនៃទំនាក់ទំនងអាស៊ាន-ជប៉ុន នាពេលខាងមុខ៕