(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរសរុបចំនួន៣៦៤នាក់ គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ មានបុគ្គលិក និងកម្មករភាគីប្រតិបត្តិការ សរុបចំនួន ៤៤៧នាក់ ក្នុងនោះ បុគ្គលិកគ្រប់គ្រង និងបច្ចេកទេសជនជាតិចិន៨២នាក់ និងបុគ្គលិកគ្រប់គ្រងនិយោជិកខ្មែរចំនួន ៣៦៥នាក់»

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) រយៈពេលប្រតិបត្តិការ ៥៥ឆ្នាំ។

ព្រលានយន្តនេះ ត្រូវកសាងឲ្យទៅជាលំដាប់ថ្នាក់ 4E សម្រាប់យន្តហោះធំៗគ្រប់ប្រភេទ ដែលអាចហោះឡើង និងចុះចតបាន ដូចជា Airbus 350 ឬ Boeing 787 ជាដើម និងសម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។

អាកាសយានដ្ឋានអន្តរជាតិនេះ ជាសមិទ្ធផលដ៏ធំធេង ផ្តើមចេញពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម ពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ហើយគោលនយោបាយនេះកំពុងបន្តពូនផ្តុំ និងថែទាំដោយរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សាងសង់លើផ្ទៃដី ៧០០ហិកតា មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។

ក្រៅតែពីផ្ទៃដីសម្រាប់សាងសង់អាកាសយានដ្ឋានថ្មីនេះ ក៏មានការបម្រុងទុកនៅដីចំនួន ១០០០ហិកតាផ្សេងទៀត នៅជាប់តំបន់នោះ ដើម្បីសាងសង់ជាតំបន់សេដ្ឋកិច្ច ឬតំបន់ឧស្សាហកម្ម រណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មីនេះផងដែរ៕