(ព្រះសីហនុ)៖ ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះចៅអធិការវត្តព្រះពុទ្ធសំរិទ្ធគិរីថ្មដា នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្តព្រះពុទ្ធសំរឹទ្ធគិរីថ្មដា (ហៅវត្តថ្មដាក្រោម) នាំយកអំណោយ និងទេយ្យទានមួយចំនួន ដែលទទួលបានពីញាតិញោមនាឪកាសបុណ្យភ្ជុំបិណ្ឌ ចុះប្រគល់ជូនរដ្ឋបាលឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកជួយប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាជនចាស់ជរា ជនពិការ និងជនគ្មានទីពឹង។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាថា ការប្រគល់អំណោយនាពេលនេះដើម្បីរួមចំណែកតិចតួច ជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាព ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗ ក៏ដូចជាជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការជំនួយ ជាមួយពិសេសទុកសម្រាប់ក្រុមប្រឹក្សាឃុំសំរុង ចុះជួយដល់ជនចាស់ជរា ជនពីការគ្មានទីពឹង ដែលត្រូវការការជួយឧបត្ថម្ភបន្ថែមផងដែរ ហើយអំណោយទាំងនេះដែរ គឺបានមកពីញាតិញោម ដែលបានយកមកប្រគេន ក្នុងកំឡុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដែលទើបកន្លងទៅថ្មីៗនេះផងដែរ។

សូមបញ្ជាក់ដែរថា អំណោយដែលប្រគល់នាពេលនេះរួមមាន៖ អង្ករចំនួន១០បាវ=១ ០០០គីឡូ មីម៉ាម៉ាចំនួន ៤០កេស មីខ្លាឃ្មុំចំនួន១០កេស ទឹកត្រីទឹកសុីអុីវចំនួន១៦យួរ ទឹកផ្លែឈើចំនួន១០កេស ខ្លាញ់ចំនួន៥កាដុង=២៥លីត្រ ស្កសរចំនួន២៦គីឡូ ប៊ីចេងចំនួន១០កញ្ចប់ ថវិកាចំនួន ៨០០,០០០រៀល៕