(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ​លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី នាយករងខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០៖១០នាទី ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

លោក ហូ សិទ្ធី បានសម្ដែងនូវការរំលែកទុក្ខ ជូនលោកស្រី ជឹម ម៉ានី មានខ្លឹមសារថា «យើងខ្ញុំទាំងអស់គ្នាជានាយក នាយករង មន្ត្រីរាជការទាំងអស់ ក្នុងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីក្រៀមក្រំរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តមនាយឧត្ដមសេនីយ៍ ប្រាក់ វណ្ណឌី បានទទួលមរណភាព កាលពី វេលាម៉ោង ១០៖១០នាទីព្រឹក ថ្ងៃអាទិត្យ ៨កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៤ឆ្នាំ ដោយរោគាពាធ។

នៅក្នុងឱកាសដ៏ក្រៀមក្រំនេះ ខុទ្ទកាល័យសម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី សូមចូលរួម រំលែកនូវសមានទុក្ខក្ដុកក្ដួល និងសោកស្ដាយស្រណោះ អាឡោះអាល័យ យ៉ាងក្រៃលែងចំពោះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប្រាក់ វណ្ណឌី ដែលជាឥស្សរជនមួយរូប ប្រកបដោយគុណសម្បត្តិល្អ ឆ្នើម ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិ។

សូមដួងវិញ្ញាណក្ខ័ន្ធសព ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រាក់ វណ្ណឌី ឆាប់បានយោនយក កំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»៕