(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នឹងធ្វើឱ្យមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរ។

ការលើកឡើងរបស់សម្តេចធិបតី បានធ្វើឡើងនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែលសម្តេច អនុញ្ញាតឱ្យ លោក KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល អ្នកនយោបាយជប៉ុនរូបនេះ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងឱកាសនៃជំនួបនេះ លោក KOMURA Masahiko បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប លោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាស នៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ដោយធៀបនឹងកម្ពុជា ដែលធ្លាប់បានស្គាល់កាលពីពេលមុន, លោក KOMURA Mashiko បានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក KOMURA Mashiko មកកាន់ប្រទេសកម្ពុជា ព្រមជាមួយនឹងក្តីរីករាយចំពោះជំនួបសាជាថ្មីនាឱកាសនេះ បន្ទាប់ពីជំនួបកាលពីរយៈពេល ០៥ ឆ្នាំកន្លងទៅ នៅទីក្រុងតូក្យូ ក្នុងឱកាសដែល សម្តេចធិបតី ដឹកនាំគណៈប្រតិភូយុវជន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន។

ទន្ទឹមនឹងការប្រារព្ធខួបលើកទី៧០ នៃចំណងការទូតកម្ពុជា-ជប៉ុន នៅក្នុងឆ្នាំ២០២៣ នេះ ដោយនឹងមានការរៀបចំសកម្មភាពអបអរសាទរជាច្រើន, សម្តេចធិបតី ក៏បានយកឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រកម្ពុជា ជាប់រហូតមកនៅក្នុងគ្រប់កាលៈទេសៈ រាប់តាំងពីសម័យកាលក្រោយបញ្ចប់សង្គ្រាម រហូតមានការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃនេះ។

ចំពោះអនាគតទៅមុខ, សម្តេចធិបតី បានបញ្ជាក់អំពីភាពមិនប្រែប្រួលនៃគោលនយោបាយ ការបរទេសរបស់កម្ពុជា ជាពិសេសក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ដោយសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន៕