(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ គ្រោងប្រកាសសាលក្រមសំណុំរឿងលោក ឡាយ ថារ័ត្ន អនុប្រធានការិយាល័យវិភាគគម្រោង និងលើកទឹកចិត្ត នៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ជាប់ចោទពីបទប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីតុលាការ បានធ្វើសវនាការកាលពីរសៀលថ្ងៃទី១៥ ខែសីហា រួចមក ។
លោក ឡាយ ថារ័ត្ន ជាប់ចោទពីបទ «វិតិក្រមតាមមាត្រា៥៩២ និងមាត្រា៥៩៣ នៃក្រមព្រហ្មទណ្ឌប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីខែមេសា ខែឧសភា ឆ្នាំ២០១៦»។ បទល្មើសវិតិក្រម កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១០លានរៀល។ នាពេលសវនាការ លោក ឡាយ ថារ័ត្ន បានសារភាពថា ពិតជាបានទទួលយកប្រាក់ចំនួន ៩០០ដុល្លារ ពីក្រុមហ៊ុនផលិតសម្ភារកីឡាមួយ ដែលបានស្នើនាំចូលវត្ថុធាតុដើមពីបរទេសប្រាកដមែន។ លោកស្នើឲ្យតុលាការបន្ធូរបន្ថយទោស។
គួររំលឹកថា លោក ឡាយ ថារ័ត្ន ត្រូវបានលោក យិន សារឿន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទវិតិក្រម។
ពាក់ព័ន្ធករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) រកឃើញថា លោក ឡាយ ថារ័ត្ន បានទាមទារប្រាក់លើសតម្លៃសេវាកំណត់របស់រដ្ឋនៅក្នុងឯកសារ ដែលឆ្លងកាត់ការត្រួតពិនិត្យរបស់ CDC ៕