(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្ដាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា ជាមួយគ្នានោះ ពេលគ្រូកំពុងបង្រៀនក្នុងថ្នាក់ និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទួរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកនាំឱ្យខាត ឬរំខានដល់ការសិក្សា។

យោងតាមសេចក្តីសេចក្តីណែនាំស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ របស់ក្រសួងអប់រំ ដែលបណ្តាញព័ត៏មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងក៏បានណែនាំបន្ថែមដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់រួមគ្នាពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈរបស់ខ្លួន។

ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ ។ ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា

គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាននិងស្រាវជ្រាវក្នុងបណ្ណាល័យ។ បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា៕