(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.៣៣៨ លានយ៉េន (ប្រមាណ ៩,៧ លានដុល្លារអាមេរិក) ដើម្បី អនុវត្តគម្រោងសម្រាប់ការកសាងបណ្ដាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខារួមគ្នាលើហិរញ្ញប្បទានឥតសំណងនេះ នឹងធ្វើឡើងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ដោយលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរកម្ពុជា និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួងការបរទេស។

តាមការប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុរិយោដី ព្រមទាំងពង្រឹង សេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយ ផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

ក្រសួងបានបន្ថែមថា កាយវិការដ៏សប្បុរសនេះបង្ហាញពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុ ងការជួយដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះ រួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និងពង្រឹង «ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនង ការទូត៕