(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ អង្គការភ្លែនអន្តរជាតិកម្ពុជា សហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា អង្គការមូលនិធិសិទ្ធិកុមារ និងដៃគូពាក់ព័ន្ធ រៀបចំសាលាផ្សព្វផ្សាយថ្នាក់ជាតិស្តីពី ឯកសារគាំទ្រការអនុវត្ត «កម្មវិធីសាលាកុមារមេត្រី» ដែលផ្តោតលើការអនុវត្ត ក្របខណ្ឌសាលារៀនសុវត្ថិភាព។

សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ដោយមានអ្នកចូលរួម ជាង១០០នាក់ មកពីក្រសួងអប់រំ យុវជន និងកីឡា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរអប់រំបណ្តារាជធានីខេត្ត ការិយាល័យអប់រំស្រុក បណ្តាញអង្គការមិនមែនរដ្ឋាភិបាល និងសមាជិកក្រុមការងាររបស់ JAG ជាដើម។ សិក្ខាសាលានេះ មានគោលបំណងចែករំលែកពីគោលការណ៍ណែនាំស្តីពី ក្របខណ្ឌសុវត្ថិភាពសាលារៀនដល់អ្នកពាក់ព័ន្ធសំខាន់ៗ រួមមាន នាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំខេត្តជាដើម។ បន្ថែមពីលើនេះ សិក្ខាសាលានេះ ក៏មានបំណងពង្រឹងការសហការរវាងក្រសួងអប់រំ មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាព នៃការអនុវត្តគោលការណ៍ណែនាំនេះ ទៅដល់ស្ថាប័នអប់រំនៅក្នុងប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនព្រូដិនសលបានដើរតួនាទីយ៉ាងសកម្ម ក្នុងការផ្តល់ឥទ្ធិពល ជាវិជ្ជមានដល់ជីវិតរបស់កុមារកម្ពុជា តាមរយៈការធានាសុវត្ថិភាពរបស់ពួកគេ និងធ្វើឱ្យពួកគេ រីកចម្រើន ក្នុងបរិយាកាសអប់រំ ប្រកបដោយសុវត្ថិភាព។ ដោយអនុវត្ត គោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពសាលារៀន នៅក្នុងសាលារៀន គោលបំណងគឺលើកទឹកចិត្តដល់គ្រូបង្រៀន ឪពុកម្តាយ និងសមាជិកសហគមន៍យកចិត្តទុកដាក់ និងផ្តោតរួមទៅលើសុខុមាលភាព របស់កុមារ និងការពារហានិភ័យ និងគ្រោះថ្នាក់ ដែលអាចកើតមាន។

ដោយមានការគាំទ្រមូលនិធិពីមូលនិធិព្រូដិនសល តាមរយៈអង្គការភ្លែនអន្តរជាតិហុងកុង អង្គការភ្លែនអន្តរជាតិកម្ពុជា បានអនុវត្តគម្រោង «លើកកម្ពស់គំនិតផ្តួចផ្តើមសុវត្ថិភាពសាលារៀន នៅក្នុងប្រទេសកម្ពុជា» តាំងពីឆ្នាំ២០១៦ ក្នុងគោលបំណងជួយគាំទ្រដល់កុមារ ដែលរស់នៅក្នុងសហគមន៍ ដែលងាយរងគ្រោះ នៅក្នុងប្រទេសកម្ពុជា ឱ្យស៊ាំទៅនឹង គ្រោះមហន្តរាយ និងមានបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាព តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាល។

លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា គម្រោងនេះកំពុងពង្រឹងនិរន្តរភាពនៃកម្មវិធីសុវត្ថិភាពសាលារៀន នៅក្នុងសាលាគោលដៅ ចំនួន៩៦ តាមរយៈបង្កើនភាពជាម្ចាស់ការ និងគាំទ្រពីរដ្ឋាភិបាល ជាពិសេស មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន។ គម្រោងនេះនឹងរួមចំណែក ក្នុងការសម្រេចឱ្យបានគោលដៅ យុទ្ធសាស្ត្រកម្មវិធីរៀនពេញមួយជីវិតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលមានគោលបំណង ជួយដល់ក្មេងស្រីជំទង់ និងស្ត្រីវ័យក្មេងអាចទទួលបាន ការអប់រំប្រកបដោយគុណភាព និងអភិវឌ្ឍជំនាញដែលជួយការរៀបសូត្រពេញមួយជីវិត និងការងារសមរម្យ។ លោកបានបន្ថែមទៀតថា គម្រោងនេះក៏ចូលរួមចំណែកក្នុងការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ដែលមានគោលបំណងធានាការអប់រំ ប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សា ពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។

លោកបានបន្ដថា យើងទទួលបានមូលនិធិពីមូលនិធិព្រូដិនសល ដើម្បីអនុវត្តគម្រោង គំនិតផ្តួចផ្តើមសុវត្ថិភាពសាលានៅក្នុងប្រទេសកម្ពុជា វគ្គ៣ ដែលធ្វើការបន្តលើសមិទ្ធផលពី វគ្គទី១ និងទី២ និងដាក់ចេញនូវគម្រូបរិបទ និងប្រសិទ្ធិភាពសម្រាប់សុវត្ថិភាពសាលា ពីសាលាគោលដៅ៦០សាលា ក្នុងខេត្តស្ទឹងត្រែង ដល់សាលាថ្មីចំនួន៣៦ទៀត នៅក្នុងខេត្តសៀមរាប និងរតនគីរី។ គម្រោងនេះនឹងដោះស្រាយ ជាយុទ្ធសាស្ត្រ ទៅលើការចន្លោះប្រហោង និងភាពប្រឈមសំខាន់ៗ ដែលកើតឡើងនៅក្នុងការអនុវត្ត នៅវគ្គមុនៗ។

លោកបានបន្តទៀតថា កុមារគឺងាយរងគ្រោះបំផុតនៅក្នុងគ្រោះមហន្តរាយ។ នៅក្នុងគ្រោះមហន្តរាយ កុមារមិនអាចទៅសាលារៀន ហើយសម្ភារៈសិក្សារបស់ពួកគេ ត្រូវបានខូតខាតជារៀងរាល់ឆ្នាំ។ ជាមួយគម្រោងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការធ្វើ បច្ចុប្បន្នភាពកម្មវិធីសិក្សាស្តីពីការបន្សុំាទៅនឹងបម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយគ្រោះមហន្តរាយ និងសៀវភៅគ្រូសម្រាប់ការអប់រំសម្រាប់កម្រិតបឋមសិក្សា និងគាំទ្រក្នុងការធ្វើបច្ចុប្បន្នភាពការណែនាំសុវត្ថិភាពសាលារៀនថ្នាក់ជាតិ ដែលស្របជាមួយនឹង ក្របខណ្ឌសុវត្ថិភាពសាលា២០២២-២០២៣។

បន្ថែមពីនេះ គោលការណ៍ណែនាំនេះ គឺបានអនុម័ត និងកំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយគ្រោះមហន្តរាយដែលកើកឡើង និងរួមផ្សំក្នុងវិស័យអប់រំ។ ជាមួយគ្នានេះ ឯកសារមួយនេះ មានគោលបំណងសំខាន់ៗចំនួនបី៖

* ការពារអ្នកសិក្សា អ្នកអប់រំ និងបុគ្គលិកពីការស្លាប់ របួស អំពើហិង្សា និងប៉ះពាល់ដល់សាលារៀន និងកន្លែងសិក្សាផ្សេងទៀត។

* រៀបចំផែនការសម្រាប់ការអប់រំ ដើម្បីការការពារជាបន្តបន្ទាប់ និងការបន្ថយការរំខានផ្សេងៗដល់ការសិក្សារបស់កុមារ ក្នុងគោលដៅរៀនសម្របខ្លួនទៅនឹងភាណតក់ស្លុត ភាពតានតឹង មុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែងគ្រប់ប្រភេទ។
* លើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្សនិងអ្នកកាន់កាតព្វកិច្ច រួមចំណែកដល់ ការកាត់បន្ថយហានិភ័យ ការកសាងភាពធន់ និងការអភិវឌ្ឍដោយចីរភាព៕