(សៀមរាប)៖ ដើម្បីចូលរួមទប់ស្កាត់រាល់មុខទំនិញ និងម្ហូបអាហារដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទ ដាក់លក់នៅលើទីផ្សារនោះ មន្រ្ដីកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះពិនិត្យទីផ្សារស្ថិតនៅផ្សារដំដែកចាស់ និងផ្សារដំដែកថ្មី ស្ថិតក្នុងឃុំដំដែកផ្សារ ស្រុកសូត្រនិគម ខេត្តសៀមរាប ដើម្បីពិនិត្យគុណភាពលើផលិតផលម្ហូបអាហារ និងផលិតផលកំប៉ុង និងដបដែលដាក់តាំងលក់នៅផ្សារដំដែកចាស់ និងផ្សារដំដែកថ្មី ខេត្តសៀមរាប។
លោក ង៉ែត ចេក ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានឲ្យដឹងថា នៅក្នុងការពិនិត្យដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូបមួយចំនួន រួមមានសរសៃគុយទាវ ស្ពៃជ្រក់ សាច់ក្រក រួចមក យើងទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax និង Salicylic Acid នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។ ចំពោះការពិនិត្យមើលលើផលិតផលកំប៉ុង និងដបដែលកំពុងដាក់តាំងលក់នោះ ក៏ពុំឃើញមានហួសកាលបរិច្ឆទប្រើប្រាស់ដែរ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការដាក់លាយសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។ លោក ងែត ចេក បានឱ្យដឹងថា ការចុះពិនិត្យនេះគឺមន្រ្តីជំនាញ បានធ្វើការចុះត្រួតពិនិត្យជាប្រចាំ ទៅតាមការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ ឱ្យបានទាន់ពេលវេលានូវការធ្វើចរាចរចែកចាយលក់ដូរផលិតផលម្ហូបអាហារគ្មានអនាម័យ ទំនិញខូចគុណភាព។
ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់មុននឹងធ្វើចរាចរចែកចាយ លក់ដូរ និងទិញទំនិញ ម្ហូបអាហារ ទទួលទានដោយសុវត្ថិភាព មិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕