(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងធ្វើទស្សកិច្ចនៅប្រទេសទីម័រឡេស្តេ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៦ខាងមុខ ដើម្បីចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ។ ការធ្វើទស្សនកិច្ចនេះ តបតាមការអញ្ជើញ របស់នាយករដ្ឋមន្រ្តីប្រទេសទីម័រ។ នេះបើតាមការប្រកាស របស់ក្រសួងការបរទេស។
ក្រសួងការបរទេស បានឱ្យដឹងថា ទស្សនកិច្ចរបស់សម្តេចតេជោខាងមុខនេះ នឹងត្រូវអមដំណើរដោយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងធនធានរ៉ែ និងថាមពល ព្រមទាំងសមាជិករាជរដ្ឋភិបាលកម្ពុជាដទៃទៀត។
កំឡុងពេលធ្វើទស្សនកិច្ចនោះ រដ្ឋាភិបាលប្រទេសទាំងពីរនឹងចុះហត្ថលេខាលើឯកសារចំនួន៣ រួមមាន៖ ទី១.កិច្ចព្រមព្រៀងក្របខណ្ឌស្ដីពី កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច, ទី២.កិច្ចព្រមព្រៀងស្ដីពី ការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ, និងទី៣.អនុស្សារណៈនៃការយោគយល់គ្នា ពាក់ព័ន្ធនឹងកិច្ចសហប្រតិការ លើវិស័យការងារផងដែរ៕