(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញមន្ដ្រីអនុវត្តច្បាប់ជួរមុខទាំងអស់ ត្រូវរួមសហការគ្នាត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារ ពាក់ព័ន្ធនឹងការនាំចូលសារធាតុផ្សំគ្រប់ប្រភេទ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។ វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមសិក្ខាកាមជាមន្ត្រីអនុវត្តច្បាប់បម្រើការងារនៅតាមបណ្តាខេត្តជាប់ព្រំដែន ខេត្តគោលដៅមានក្រុមហ៊ុន រោងចក្រប្រើប្រាស់សារាតុគីមីផ្សំច្រើន  អង្គភាពគយ និងរដ្ឋាករកម្ពុជាបណ្តាច្រកទ្វារព្រំដែន កំពង់ផែស្វយ័ត។

លោកឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានស្រាវជ្រាវនិងត្រួតពិនិត្យ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ទី១៖ពង្រឹង និងលើកកម្ពស់សមត្ថភាព ចំណេះដឹង និងបទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន សម្រាប់មន្រ្តីអនុវត្តច្បាប់ពាក់ព័ន្ធ, ទី២៖ ពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំ ក្នុងសកម្មភាពស្របច្បាប់ ដើម្បីបង្ការទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា, ទី៣៖ លើកកម្ពស់ការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានអំពីការនាំចូល ការចរាចរ ការជួញដូរ និងការប្រើបា្រស់សារធាតុគីមីផ្សំ និងសារធាតុគីមីផ្សេងទៀតទាក់ទងនឹងការផលិតគ្រឿងញៀនខុសច្បាប់ក្នុងចំណោមមន្ត្រីអនុវត្តច្បាប់។

លោក ស៊ូផាផាត់ ហ៊ីបឱសថ ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងអំណរគុណ កោតសសើរ ដល់មន្រ្តីត្រួតពិនិត្យគ្រឿងញៀនកម្ពុជា ដែលបានផ្តល់កិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងគោលបំណងរួមគ្នាទប់ស្កាត់គ្រឿងញៀនកុំឲ្យឆ្លងកាត់ពីកម្ពុជាទៅថៃ ក៏ដូចជាពីថៃមកកម្ពុជា។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ លោកគ ឡាយ គឹមលី អគ្គលេខាធិការរង បានថ្លែងអំណរគុណដល់មិត្តថៃ ដែលបានផ្តល់កិច្ចសហការលើគ្រប់វិស័យការងារត្រួតពិនិត្យគ្រឿងញៀន ជាពិសេស យន្តការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ត្រូវបានពង្រឹង និងលើកកម្ពស់ដើម្បីបង្ការទប់ស្កាត់ការចរាចរ ជួញដូរ និងប្រើប្រាស់ខុសច្បាប់ យកទៅលួចកែច្នៃផលិតគ្រឿងញៀន។

លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានអះអាងថា ការងារទប់ស្កាត់ និងបង្ក្រាបការចរាចរ ការជួញដូរគ្រឿងញៀនខុសច្បាប់ឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសកម្ពុជា គឺជារឿងលំបាកមួយសម្រាប់មន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ជាពិសេសមន្រ្តីបម្រើការងារតាមតំបន់ព្រំដែន និងខេត្តជាប់ព្រំដែន ដែលទាមទារឲ្យយើងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលខុសត្រូវតាមតួនាទីភារកិច្ចដែលអង្គភាពបានកំណត់។

ទន្ទឹមនឹងនេះផងដែរ ការនាំចូលសារធាតុគីមីផ្សំឆ្លងកាត់ព្រំដែនក្នុងសកម្មភាពស្របច្បាប់សម្រាប់យកមកប្រើប្រាស់បម្រើដល់វិស័យសំខាន់ៗពាក់ព័ន្ធ រួមមាន៖ វិស័យឧស្សាហកម្ម វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល ក៏ជាបញ្ហាសំខាន់ចាំបាច់សម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេស មន្រ្តីគយ និងរដ្ឋាករ ដែលបម្រើការងារនៅតាមច្រកទ្វារព្រំដែន និងតាមកំពង់ផែ ត្រូវសហការគ្នាត្រួតពិនិត្យផ្ទៀងផ្ទាត់រាល់ឯកសារពាក់ព័ន្ធនឹងការនាំចូលសារធាតុគីមីផ្សំរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ឆ្លងកាត់ច្រកទ្វារព្រំដែន ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការលួចបង្វែរពីការប្រើប្រាស់ស្របច្បាប់ ទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕