(ចិន)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមពិភាក្សាការងារជាមួយមជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង Financial Center for South-South Cooperation (FCSSC)។

កិច្ចពិភាក្សានេះបានជជែកលើកិច្ចសហប្រតិបត្តិការ និងការវិនិយោគក្នុងប្រទេសកម្ពុជា តាមរយៈការស្វែងយល់លើចំណុចមួយចំនួនទាក់ទងវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និងកាបូនក្រេឌីតជាដើម។

នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល FCSSC លោកស្រី Zhang Xiaowen បានបង្ហាញចំណាប់អារម្មណ៍ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតចិន-កម្ពុជា ដែលឆ្នាំនេះគឺជាខួបទី៦៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរ។ ជម្រាបជូនអង្គពិធីបន្ថែម លោកស្រី ក៏បានលើកឡើងអំពីប្រវត្តិកិច្ចការងារវិនិយោគរបស់សមាជិកមជ្ឈមណ្ឌលមួយចំនួនដែលកំពុងមានដំណើរការនៅក្នុងប្រទេសកម្ពុជា និងសមាជិកមួយចំនួនផ្សេងទៀតដែលចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយកំពុងបញ្ជូនក្រុមការងារមកសិក្សាស៊ីជម្រៅលើការវិនិយោគនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជារួម និងការវិវឌ្ឍថ្មីៗនៃគោលនយោបាយកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យនានាដែលអង្គប្រជុំបានលើកឡើង។ បន្ថែមលើការជម្រាបជូនអំពីវិស័យពាក់ព័ន្ធ លោិឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតលើកឡើងជាថ្មីម្ដងទៀតអំពីសក្តានុពលសេដ្ឋកិច្ច ការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កភាពងាយស្រួលសម្រាប់វិនិយោគិន។

លោក ស៊ុន ចាន់ថុល បានគូសរំលេចដែរថា ដើម្បីធានាឱ្យបានការគាំទ្រលើដំណើរការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់រួចរាល់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមានគម្រោងទំនើបថ្មីៗជាច្រើនទៀតដែលនឹងបម្រើប្រយោជន៍ជារួមសម្រាប់វិនិយោគិន និងកម្ពុជាទាំងមូល៕