(សៀមរាប)៖ ករណីជម្លោះដីធ្លីមួយកន្លែង ដែលមានទំហំ២០ម៉ែត្រ គុណ៤០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកគុយ សង្កាត់អំពិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលស្រ្តីម្នាក់ឈ្មោះ បូ សេរីរ័ត្ន បានចោទប្រកាន់លោក កុយ សុវណ្ណ រំលោភយកទាំងបំពានច្បាប់នោះ ស្រាប់តែនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក កុយ សុវណ្ណ បានចេញមកបំភ្លឺដោយធ្វើការច្រានចោលទាំងស្រុង នូវការចោទប្រកាន់ទាំងនេះ តាមរយៈការបង្ហាញឯកសារពាក់ព័ន្ធដែលបង្ហាញថា លោក និងម្តាយរបស់លោក គឺជាម្ចាស់កម្មសិទ្ធិពិតប្រាកដ។
លោក កុយ សុវណ្ណ បានប្រាប់អង្គភាព Fresh News ដោយធ្វើការច្រានចោលចំពោះការលើកឡើងថា លោកជាមន្រ្តីនគរបាលពាក់ផ្កាយ១។ លោកថា «ខ្ញុំគ្មានជាមន្រ្តីនគរបាលអីណានោះទេ គឺជាជនធម្មតា ហើយអាចឲ្យគេជួយឆែកនៅក្រសួងមហាផ្ទៃបាន ខ្ញុំមិនមែនជាមន្រ្តីនគរបាលនោះឡើយ ដូច្នេះការនិយាយរបស់គេនោះ មិនពិតទេ ចេះតែនិយាយគ្មានមូលដ្ឋាន»។
សម្រាប់ដីធ្លីខាងលើនេះត្រូវបានលោក កុយ សុវណ្ណ បានរៀបរាប់ថា ម្ចាស់ដីដំបូងមានឈ្មោះ ឡាម មករា ប៉ុន្តែនៅឆ្នាំ២០០២ ឈ្មោះ ឡាម មករា បានខ្ចីលុយរបស់លោកចំនួន ៣០០០ដុល្លារ និងបន្ទាប់មកបានខ្ចីបន្តចំនួន ២០០០ដុល្លារទៀត។ ប៉ុន្តែដោយសារតែគ្មានលុយសងស្រាប់តែឈ្មោះ ឡាម មករា បានលក់ដីមួយកន្លែងនេះ ទៅម្តាយលោកចំនួន១ម៉ឺនដុល្លារ។ ក្រោយទិញដីពីឈ្មោះ ឡាម មករា ហើយម្តាយរបស់លោក និងលោកផ្ទាល់ បានស្នើសុំលិខិតកាន់កាប់ដីនេះរហូតដល់ចៅសង្កាត់ និងមេភូមិ បានបញ្ជាក់ជូននៅអំឡុងឆ្នាំ២០០៩ ដោយស្របច្បាប់។
លោកបានបន្តទៀតថា នៅខាងក្រោយដីរបស់លោកនោះ គឺជាដីរបស់ឈ្មោះ បូ សេរីរ័ត្ន ដែលមានទំហំ ២០ម៉ែត្រ គុណ៤0ម៉ែត្រ និង៤០ម៉ែត្រគុណ៦០ម៉ែត្រ។ សម្រាប់ដីនេះគឺពីមុនឈ្មោះ ចាន់ សូលីដា ជាម្ចាស់កម្មសិទ្ធិ បន្ទាប់មកឈ្មោះនេះ បានលក់ទៅឲ្យឈ្មោះ គង់ ពិសិដ្ឋ ដែលជាប្តីរបស់ឈ្មោះ បូ សេរីរ័ត្ន ហើយបន្ទាប់មកឈ្មោះ បូ សេរីរ័ត្ន នេះបានសុំផ្ទេរសិទ្ធិពីប្តីរបស់ខ្លួន យកទៅលក់ឲ្យឈ្មោះ មុំ អស់មួយកន្លែងដែលមានទំហំ ៤០ម៉ែត្ រគុណ៦០ម៉ែត្រ ពោលនៅតែទំហំ ១០ម៉ែត្រ គុណ៤០ម៉ែត្រប៉ុណ្ណោះ ដែលដីនេះ គឺស្ថិតនៅក្រោយដីរបស់លោកតែម្តង។
លោក កុយ សុវណ្ណ បានបញ្ជាក់ទៀតថា ឈ្មោះ បូ សេរីរ័ត្ន បានចោទរូបលោកថា ក្លែងបំន្លំឯកសារសាធារណៈរហូតប្តឹងទៅនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងតុលាការខេត្តសៀមរាបទៀតផង ប៉ុន្តែនៅពេលដែលលោកទៅជួបនគរបាលព្រហ្មទណ្ឌ និងព្រះរាជអាជ្ញាខេត្ត ដើម្បីពន្យល់ពីដីនេះ ត្រូវបានថ្នាក់ដឹកនាំទាំងនោះទទួលស្គាល់ និងបានទាត់ចោលការប្តឹងចោទប្រកាន់ពីឈ្មោះ បូ សេរីរ័ត្ន នេះទៀតផង ពីព្រោះដីនៅជាប់គ្នាមិនមែនលោកទៅរំលោភយកនោះទេ។ ជាចុងក្រោយលោក កុយ សុវណ្ណ បានអះអាងថា សម្រាប់បញ្ហាមួយនេះ គឺស្ថិតនៅក្នុងដៃតុលាការ ហើយម្យ៉ាងទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរាទៀតផង។
សូមបញ្ជាក់ថា ការចេញមកបកស្រាយរបស់លោក កុយ សុវណ្ណ នេះបានធ្វើឡើងក្រោយពីស្រ្តីឈ្មោះ បូ សេរីរ័ត្ន បានចោទលោក និងបក្ខពួកអាងអំណាច បានសមគំនិតគ្នា រំលោភយកដីរបស់គាត់ រួចក្លែងឯកសារធ្វើជាម្ចាស់កម្មសិទ្ធិលើដីនេះ ដើម្បីលក់ទៅឲ្យអ្នកដទៃ៕