(ពោធិ៍សាត់)៖ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដឹកនាំដោយ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានបន្តចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងក្រោយសម្រាលកូន និងអ្នកជំងឺទូទៅ សរុបចំនួន៦០នាក់ នៅមន្ទីរពេទ្យបង្អែកក្រគរ។

នាឱកាសនោះ លោកស្រី អាំង សុជាតា បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ពិសេសពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោកស្រី ក៏បានផ្ដាំផ្ញើដល់ស្ត្រី និងក្រុមគ្រួសារ សូមបន្តយកចិត្តទុកដាក់អំពីបញ្ហាសុខភាព និងអាយុជីវិតរបស់ខ្លួន និងកូនដែលមិនទាន់សម្រាល និងទើបតែសម្រាលរួច ត្រូវប្រកាន់ភ្ជាប់ នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។ ជាមួយគ្នានោះ លោកស្រីក៏សូមថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ប្រើប្រាស់ក្រមសីលធម៌ វិជ្ជាជីវៈ ជួយបង្កើតកូនដល់ស្ត្រីទាំងអស់ ប្រកបដោយសុខសុវត្ថិភាព។

លោកស្រី អាំង សុជាតា បានលើកឡើងថា នាពេលនេះក៏ដូចលើកមុនៗ សាខា អនុសាខា បណ្តាញ ក្រុមចលនាសមាគមនារី នៅគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយសមភាពយេនឌ័រ ក្នុងការលើកកម្ពស់តួនាទី និងស្ថានភាពស្រ្តីក្នុងសង្គម និងទទួលបាននូវការថែទាំសុខភាព និងការងារមនុស្សធម៌។

ជាក់ស្តែងនាព្រឹកនេះ សមាគមនារីខេត្ត ក៏បានរៀបចំអំណោយចុះសួរសុខទុក្ខ ដល់ស្រ្តីដែលមិនទាន់សម្រាល និងទើបតែសម្រាលកូនរួច នៅក្នុងមន្ទីរបង្អែកក្រគរ ចំនួន៦០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានក្រមា១ ភួយ១ ខ្នើយ១ មុង១ និងថវិកា២ម៉ឺនរៀល។

គួររំលឹកថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ សមាគមនារី ក្រោមការជួយគាំទ្រទាំងថវិកា និងសម្ភារៈ ពីថ្នាក់ដឹកនាំ និងសមាជិកាគ្រប់ថ្នាក់ គ្រប់ផ្នែក ព្រមទាំងសប្បុរសជន ក៏បានរៀបចំជាអំណោយចុះសួរសុខទុក្ខ ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ និងគ្រួសារក្រីក្រ បានចំនួន១០៦គ្រួសារ លើ៣ក្រុងស្រុក រួមមានក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ។ ជាមួយគ្នានោះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣កន្លងទៅ ប្រតិភូសាខាសមាគមនារីខេត្ត ក៏បានចុះសួរសុខទុក្ខ ដល់ស្រ្តីដែលមិនទាន់សម្រាល និងទើបតែសម្រាលកូនរួច នៅក្នុងមន្ទីរបង្អែកខេត្ត ចំនួន៥០នាក់ផងដែរ៕