(ភ្នំពេញ)៖ លោក Julian Otinkorang មន្រ្តីអង្គការសហប្រជាជាតិ​សម្រាប់រៀបចំគម្រោងហ្វឹកហ្វឺនត្រីភាគី អ.ស.ប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចូលជួបសាវនាការជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីរាយការណ៍ពីបច្ចុប្បន្នភាពនៃការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អសប។

គម្រោងនេះនឹងចាប់ផ្តើមបើកវគ្គហ្វឹកហ្វឺននៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលនឹងផ្តោតសំខាន់ទៅលើការប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្រោមកិច្ចសហការឧបត្ថម្ភសាធារណរដ្ឋកូរ៉េ អសប និងកម្ពុជា។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ លើកិច្ចសហប្រតិបត្តិការមួយនេះ ដែលជាវគ្គហ្វឹកហ្វឺនល្អមួយសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះលើគម្រោងត្រីភាគីនាឆ្នាំ ២០២៤-២០២៥។ ទន្ទឹមនោះកម្ពុជា ក៏នឹងបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគីកម្ពុជា-ជប៉ុន-អសប ដែលមានប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកជាច្រើនចូលរួម។

ក្រៅពីនេះ នាយឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើពាក្យពេចន៍សួរសុខទុកលោកឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

លោក Julian Otinkorang បានសម្តែងភាពរីករាយជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគីមួយនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកបានអរគុណដល់កម្ពុជា សម្រាប់ការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើគម្រោងនេះ ដ្បិតសិក្ខាកាមដែលចូលរួមវគ្គហ្វឹកហ្វឺននេះ នឹងប្រើប្រាស់ចំណេះជំនាញទាំងអស់ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕