(បាត់ដំបង)៖ ដោយសារមានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់ទីកន្លែងជាបន្ដបន្ទាប់ ធ្វើឲ្យមានផលប៉ះពាល់ដល់ស្រែ ចំការ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ រស់នៅស្រុកបវេល ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងលោកបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា បានផ្តល់អំណោយចំនួន៣ទីតាំងគឺ ទីតាំងទី១ នៅសាលាស្រុកបវេល ភូមិទំនប់ទឹក ឃុំបួវិល ស្រុកបវេល មានចំនួន ២៥៨គ្រួសារ មកពី៨១ភូមិ ៨ឃុំ ស្រុកបវេល។ ទីតាំងទី២ នៅវត្តគីរីសង្វាពេជ្រ ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក មានចំនួន ១៤០គ្រួសារ មកពី១៦ភូមិ ៣ឃុំ ស្រុកភ្នំព្រឹក និងទីតាងទី៣ នៅអនុសាខាស្រុកកំរៀង ស្ថិតនៅភូមិអូរដា ឃុំអូរដារ ស្រុកកំរៀង មានចំនួន ១៤០គ្រួសារ មកពី៣៧ភូមិ ៦ឃុំ ស្រុកកំរៀង។

ជាមួយគ្នានោះលោកបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ សម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានជម្រកមុស ដែលធ្វើកូនចៅកើតជំងឺគ្រុនឈាម និងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរា និងកុមារ ដោយយថាហេតុណាមួយដោយទឹកជំនន់ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

លោកបានបន្ដថា បច្ចុប្បន្ននេះជំងឺភ្នែកក្រហមកំពុងរាតត្បាតជាច្រើនខេត្តនៅប្រទេសកម្ពុជា ហេតុដូចនេះសូមប្រជាពលរដ្ឋរក្សាអនាម័យ លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ កុំប្រើប្រាស់សម្ភារៈរួមគ្នា ប្រសិនបើបងប្អូនឆ្លងជំងឺនេះ សូមទៅពិនិត្យនិងពិគ្រោះយោបល់ពីគ្រូពេទ្យជំនាញដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពល្អ របស់មនុស្សជាតិ សត្វ និងធម្មជាតិជុំវិញខ្លួន ដែលត្រូវការចាំបាច់ណាស់នូវបរិស្ថានល្អ ពុំមានថង់ប្លាស្ទិក ហើយថ្មីៗនេះកាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិ អ៊ុយ សំអាត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានយកចិត្តិទុក្ខដាក់ និងបានចុះពិនិត្យស្ថានភាពទឹកទំនន់ និងស្នើសុំជំនួយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលាផងដែរ។

ជាចុងក្រោយនេះ លោកបណ្ឌិត ប៊ុត គឹមស៊ាន តំណាងលោក សុខ លូ ប្រធានគណៈកម្មាធិការសាខា ខេត្តបាត់ដំបង និងប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់ និងជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកនេះ។

សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ ទឹកស៊ីអ៊ីវ ១យួរ និងថវិកាមួយចំនួន។

សូមជម្រាបថា ក្នុងឱកាសចុះសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះ មន្ដ្រីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ក៏បានប្រគេនថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនព្រះចៅអធិការវត្តគីរីសង្វាពេជ្រ ភ្នំតូចផងដែរ។ ហើយបន្ទាប់ពីបញ្ចប់កម្មវិធីផ្តល់អំណោយនេះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៦ខ្នងផ្ទះទៀត ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន៕