(ភ្នំពេញ)៖ តបតាមសំណើរបស់ អាជីវករផ្សារកំពង់ឆ្នាំង ដែលស្នើសុំឱ្យរាជរដ្ឋាភិបាល ពន្យាអាណត្តិលក់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៤០នោះ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឱ្យអាជីវករផ្សារនេះ អាចលក់ដូររហូតតកូនតចៅ ដោយគ្មានពេលកំណត់ដូចមុនឡើយ។
អមជាមួយនឹងការចេញសារាចរ ស្តីពីការគ្រប់គ្រងផ្សារ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះថា «តាមរយៈសារាចរនេះ បងប្អូនអាជីវករ នឹងទទួលបានសិទ្ធិតកូនតចៅ ដោយគ្មានពេលកំណត់ ហើយមិនចាំបាច់ស្នើរសុំពន្យាពេលទៀតទេ។ ដោយឡែក ផ្សារកំពង់ឆ្នាំងដែលបាន ស្នើសុំពន្យាអាណត្តិពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៤០ ដែលខ្ញុំយល់ព្រមសប្តាហ៍មុននេះ ក៏ត្រូវបានបន្តគ្មានទីបញ្ចប់តកូនតចៅដែរ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យប្រជាពលរដ្ឋផ្សព្វផ្សាយអំពីសារាចរនេះ ឱ្យបានទូលំទូលាយ ដើម្បីកុំឱ្យក្រុមជនមួយចំនួនបោកប្រាស់បានផងដែរ។ សម្តេចថា «សុំបងប្អូនជួយថតសារាចរនេះ ចែកគ្នារក្សាទុក ឬបិទតាមតូបលក់ដូរ ដើម្បីបង្ហាញពួកអាក្រក់ និងប្រាប់ពួកគេថាឈប់បោកប្រាស់តទៅទៀតទៅ»៕