(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ធនធានមនុស្សជាកត្តាសំខាន់ណាស់ សម្រាប់អភិវឌ្ឍប្រទេសជាតិ បើគ្មានធនធានមនុស្ស ដំណើរការអ្វីក៏មិនអាចធ្វើបានដែរ។

សម្តេចបញ្ជាក់ថា ធនធានមនុស្សល្អ ត្រូវមានទាំងសមត្ថភាព និងសុខភាព បើគ្មានសុខភាពទេ កុំសង្ឃឹមថាអាចធ្វើអ្វីបាននោះ ហើយរាជរដ្ឋាភិបាលទាំងអាណ្តតិមុនៗ និងអាណត្តិបច្ចុប្បន្ននៅតែបន្តផ្តល់អាទិភាព លើការអភិវឌ្ឍធនធានមនុស្ស។

ការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ធនធានមនុស្ស គឺជាកត្តាសំខាន់សម្រាប់ប្រទេសជាតិរបស់យើង ធនធានមនុស្ស គឺជាកត្តាដែលអាចឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍប្រកបដោយចីរភាព ហើយកត្តាចំណងសម្រាប់មនុស្សម្នាក់ៗ គឺសមត្ថភាព និងសុខភាព បើមានសមត្ថភាព មានឱកាសប៉ុន្តែបើសុខភាពទៅមិនរួច យើងធ្វើអី? [...] សុខភាពជាកត្តាកំណត់មួយ ព្រោះសុខភាពធានានូវផលិតភាព ធានានូវសមត្ថភាពរបស់មនុស្ស។ ផ្ទុយទៅវិញបើមិនមានសុខភាព មិនមានចំណូលទេ មានតែចំណាយ គឺមិនអាចទៅរួចទេ។ អីចឹងការធានានូវការថែរក្សាសុខភាព របស់ប្រជាពលរដ្ឋយើង មានសារៈសំខាន់ណាស់»

សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដោតការយកចិត្តទុកដាក់ខ្លាំង ទៅលើការអភិវឌ្ឍធនធានមនុស្ស ហើយយុទ្ធសាស្រ្តចតុកោណក្នុងអាណត្ដិមុនៗ ក៏បានយកចិត្តទុកដាក់លើកត្ដា មនុស្ស ផ្លូវ ទឹក ភ្លើង ដែលមនុស្សនៅតែអាទិភាពទី១ ចំណែកឯកយុទ្ធសាស្ត្របច្ចកោណ ក្នុងអាណត្ដិទី៧នេះ ក៏ចាត់ទុកមនុស្សនៅ តែជាអាទិភាពទី១ ដូចគ្នា ដូច្នេះការវិនិយោគទៅលើសុខាភិបាល និងអប់រំ នៅតែជាអាទិភាពចំបង សម្រាប់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី បានចាត់ទុកការបង្កើតមន្ទីរពេទ្យជាតិ តេជោសន្តិភាព គឺដើម្បីដោះស្រាយបញ្ហាចំពោះមុខ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយសារតែជីវភាពរស់នៅ និងសុខភាពប្រជាពលរដ្ឋ គឺជាបញ្ហាសំខាន់បំផុត៕