(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យប្រធានមន្ទីរពេទ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះការព្យាបាលអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់ មិនថាអ្នកជំងឺស្ថិតនៅកម្រិតណា ឬមកពីមជ្ឈដ្ឋានណានោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះនៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា «ចំពោះការយកចិត្ដទុក្ខដាក់ខ្ពស់បំផុត ដល់ការព្យាបាលអ្នកជំងឺនេះ មិនមែនសម្រាប់តែមន្ទីរពេទ្យជាតិ តេជោសន្ដិភាពនោះទេ គឺសម្រាប់ក្រសួងសុខាភិបាល និងគ្រប់បណ្ដាមន្ទីរពេទ្យ មណ្ឌលសុខភាព និងប៉ុស្ដិ៍សុខភាពគ្រប់កម្រិតទាំងអស់ សូមបង្កើនការយកចិត្ដទុកដាក់បំផុត ដល់ការពង្រឹងគុណភាពនៃការផ្ដល់សេវាសុខាភិបាលរបស់ខ្លួន ទៅដល់ប្រជាជនគ្រប់ៗរូបទាំងអស់។ ជាពិសេសយើងត្រូវធានាថា មន្ទីរពេទ្យរដ្ឋ គឺជាកន្លែងដែលសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណធម៌ មេត្ដាធម៌ និងជាទីពឹង ដ៏គួរជាទីទុក្ខចិត្ដរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស»។
ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដើម្បីឱ្យសិមិទ្ធផលទាំងពីរដែលបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃនេះ ឱ្យបានជោគជ័យ គឺមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រព្រឹត្ដទៅជាមន្ទីរពេទ្យមួយដែលដើរតួនាទីដ៏សំខាន់ក្នុងការជួយសុខភាពប្រជាពលរដ្ឋ ជាពិសេសការអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ដែលយើងដាក់ចេញនៅទីនេះ នូវកម្មវិធីការផ្ដល់សុខភាពឆ្ពោះទៅកាន់ការគ្របដណ្ដប់សុខាភិបាល។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា កិច្ចការទាំងអស់នេះត្រូវមានការងារចំនួន៣ គឺទី១៖ ត្រូវមានផែនការគ្រប់ជ្រុងជ្រោយ, ទី២៖ ត្រូវមានវិធានការអនុវត្ដឱ្យបានច្បាស់លាស់ និងទី៣៖ គឺយន្ដការសម្រាប់ការអនុវត្ដប្រកបដោយសមត្ថភាព និងប្រសិទ្ធភាព។
សូមជម្រាបថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានី ភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ៕