(ភ្នំពេញ)៖ វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បង្ហាញយ៉ាងមោទននៃវត្តមានផ្សោត ទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិមួយស្តីពី «ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក» នៅប្រទេសកូឡ៉ំបីកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣ (ត្រូវនឹងថ្ងៃអង្គារ ទី២៤ ខែតុលានៅកម្ពុជា)។

ភ្ជាប់ជាមួយគ្នានេះ គណៈប្រតិភូតំណាងកម្ពុជាមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល និងតំណាងពីអង្គការ WWF កម្ពុជា ក៏បានបង្ហាញពីការសមិទ្ធិផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្រ្ត និងការប្តេជ្ញាចិត្តក្នុងការអភិរក្សសត្វផ្សោតទឹកសាប ក្នុងប្រទេសផងដែរ។

កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា «នៅក្នុងការចូលរួមប្រជុំនៅប្រទេសកូឡ៉ំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលនៃធនធានជលផល និង ការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់កម្ពុជាក្នុងការការពារសត្វផ្សោតទន្លេមេគង្គដ៏មានតំលៃឥតគណនា។ រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយកចិត្តទុកដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្រ្តក្នុងតំបន់ ស្របតាមគោលនយោបាយបញ្ចកោណ ដោយគាំទ្រ និងជម្រុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នកសិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិនានារួមគ្នា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ»

អ្នកនាង មាស សុខសោភា តារាចម្រៀង ដែលមានអ្នកគាំទ្រជាង៥លាននាក់ក្នុងបណ្តាញហ្វេសប៊ុក បានលើកឡើងថា «ខ្ញុំមានមោទនភាពណាស់ដែលបានច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពី សត្វផ្សោតទន្លេមេគង្គដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត។ នេះគឺជាមោទនភាពមួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង»

កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១៤ប៉ុណ្ណោះក្នុងពិភពលោក ដែលនៅមានវត្តមានសត្វផ្សោតទឹកសាបដ៏កំររស់នៅក្នុងទន្លេ(មេគង្គ)។ សត្វផ្សោតទឹកសាបសរុប៦ប្រភេទកំពុងប្រឈមនឹងការផុតពូជ ដូច្នេះហើយទើបប្រទេសនានាដែលនៅមានវត្តមានសត្វផ្សោតទឹកសាប ចូលរួមបង្ហាញការប្តេជ្ញាចិត្តរួមគ្នាដើម្បីការពារសត្វផ្សោត និងទីជម្រករបស់ពួកវា ក្នុងការប្រជ៉ំនៅប្រទេសកូឡ៊ំប៊ី នាថ្ងៃទី២៣ និង២៤ ខែតុលា ឆ្នាំ២០២៣នេះ។

លោកសេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា «ការចូលរួមពីគ្រប់ភាគីទាំងអស់ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការថ្លែងជាសកលរួមគ្នាក្នុងការការពារសត្វផ្សោតទឹកសាបនាពេលនេះ កម្ពុជាបានពាំនាំការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជាអ្នកនាងសោភា អ្នកបច្ចេកទេសវិទ្យាសាស្រ្តពីរាជរដ្ឋាភិបាលដោយធ្វើការក្នុងភាពជាដៃគូយ៉ាងជាមួយអង្គការ WWF បង្ហាញពីសុឆន្ទៈរួមដ៏សំខាន់ ដើម្បីផ្តល់ក្តីសង្ឃឹមដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ»