(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីបំណងចង់បានកូនទី៤ ម្នាក់ទៀត និងចង់ឱ្យប្រជាពលរដ្ឋខ្មែរពង្រីកលទ្ធភាព យកកូនឱ្យបានច្រើន ដោយសារតែនៅពេលនេះប្រជាជនកម្ពុជាមានត្រឹម ១៧លាននាក់ប៉ុណ្ណោះ ហើយពេលបច្ចុប្បន្ននេះអត្រាកំណើត នៅតាមតំបន់ទីប្រជុំជនក៏នៅមានទាបនៅឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»

សូមបញ្ជាក់ដែរថា មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ខ្ញុំសូមអរគុណណាស់ចំពោះការចូលរួមរបស់បងប្អូនទាំងអស់ ហើយនេះគឺជាអ្វីដែលប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋគោលដៅដែលអ្នកមានជីវភាពលំបាក និងអ្នកដែលងាយរងហានិភ័យជាគោលដៅដែលត្រូវបន្តជួយ ហើយក្នុងការទទួលនោះគឺយើងទទួលបានការគាំពារសុខភាព ពីរាជរដ្ឋាភិបាលដោយមិនគិតថ្លៃ ដែលរួមមាន៖ សេវាពិគ្រោះជំងឺក្រៅ សេវាពន្យាកំណើត សេវាសម្រាកព្យាបាលនៅពេទ្យ សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលវះកាត់តូច វះកាត់ធំ និងសម្រាលកូន ហើយខ្ញុំចង់ឱ្យប្រជាជន យើងមានកូនឱ្យច្រើនបន្តិច ព្រោះយើងមានត្រឹម ១៧លាននាក់»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹកដែរថា រាល់ពេលដែលសម្តេចបានទៅជួបជាមួយមេដឹកនាំបរទេស គេចេះតែសួរថា ប្រទេសអ្នកឯងមានប្រជាជនប៉ុន្មាន? ហើយថ្ងៃមុនពេលទៅកម្មវិធីជាមួយនាយករដ្ឋមន្ត្រី កែនយ៉ា ក៏បានជជែកសួរគ្នា ពីចំនួនប្រជាជន ដោយប្រទេសកែនយ៉ា មានចំនួនប្រជាជន ៥០លាននាក់ ដូចនេះប្រទេសកម្ពុជា ក៏ចង់មានផែនការតាមឱ្យទាន់ប្រទេសកែនយ៉ាដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ថែមថា ប្រទេសកម្ពុជាពេលចេញពីជំនាន់ ប៉ុលពត មានប្រជាជនតែជាង៦លាននាក់ មកដលឥលូវនេះមានប្រមាណជាង ១៧លាននាក់ ហើយយើងក៏អាចមានលទ្ធភាពអាចបន្តកើនឡើងទៀតបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា «ចំពោះបញ្ហានាពេលនេះចំនួនប្រជាជននៅតំបន់ទីប្រជុំជន អត្រាកំណើតមានទាបមានត្រឹមជាង១% ហើយការនិយាយនេះដើម្បីចង់ចរចារ ចង់ចរចារយកអាទី៤ដែរ តែមិនបានទេ បើបានទី៤ យើងថែមពី ៣ ទៅ៤ អាចទាញមធ្យមភាគឡើង ឥលូវយើងចរចារដាច់ដោយឡែកចរចារអស់លទ្ធភាពហើយ មានតែចរចារនៅក្នុងវេទិកាសាធារណៈ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា ការសម្រាលកូននេះយើងមានការយកចិត្តទុកដាក់ខ្លាំងណាស់ ហើយយើងតែងតែគិតគូរតាំងពីស្ត្រីមានផ្ទៃពោះ រហូតទៅដល់កូនមានអាយុ ២ឆ្នាំបន្ថែមទៀត ដែលកិច្ចការងារនេះហើយគឺជាអ្វីដែលយើងមានមោទនភាព៕