(ភ្នំពេញ)៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យជាតិ​ «តេជោសន្តិភាព» នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់សម្ពោធមន្ទីរពេទ្យជាតិធំជាងគេរបស់កម្ពុជា នាពេលនេះ ជាមោទនភាពរបស់យើងទាំងអស់គ្នា។

មន្ទីរពេទ្យជាតិ​ «តេជោសន្តិភាព» ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព រ​បស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រកាសដាក់ឲ្យ​អនុវត្តជាផ្លូវការ នូវកម្មវិធីទី១ នៃគោលនយោបាយ ជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការរៀបចំនេះ ប្រកបដោយចក្ខុវិស័យ របស់សម្ដេចតេជោ ហ៊ុន សែន [...] ការសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅថ្ងៃនេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នា»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមបង្កើតមន្ទីរពេទ្យនេះឡើង និងអរគុណដល់អតីតរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធ ដែលរួមគ្នាកសាង រហូតលេចចេញជារូបរៀង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិត និងបុគ្គលិក ដែលចូលរួមដល់ដំណើរការពេទ្យតេជោសន្តិភាព ទទួលបានជោគជ័យ។ សម្តេច បានថ្លែងថា ធនធានមនុស្សជាកត្តាសំខាន់ សម្រាប់អភិវឌ្ឍប្រទេសជាតិ បើគ្មានធនធានមនុស្ស ដំណើរការអ្វី ក៏មិនអាចធ្វើបានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំពេទ្យ ដែលមានលក្ខណៈទ្រង់ទ្រាយធំនេះ គឺជាយុទ្ធសាស្ដ្រយូរអង្វែង សម្រាប់ដោះស្រាយបញ្ហាចំពោះមុខ នៃកំណើនជំងឺផ្សេងៗ។ កន្លែងប្រមូលផ្ដុំនៅទីនេះ នឹងជួយសម្រាលបន្ទុកមន្ទីរពេទ្យផ្សេងៗ ដែលមាននៅរាជធានីភ្នំពេញ។

បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព ក៏ជាការត្រៀមបម្រុង ដើម្បីដោះស្រាយបញ្ហា ដែលកើតឡើងដោយចៃដន្យ ដូចការរាតត្បាតកូវីដ១៩ កន្លងមកផងដែរ។

សូមជម្រាបថា មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីរពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។

មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅ ចំនួន២០៦គ្រែ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារ​ព្យាបាល​កម្រិត​ស្រាល​ (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារ​ផ្គត់​ផ្គង់​ និង​ព័ត៌មាន​ (A)​ មាន​ទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។

ចំណត​រថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ៕