(ភ្នំពេញ)៖ អាជ្ញាធរមីនកម្ពុជា បានស្នើឲ្យចក្រភពអង់គ្លេស បន្តគាំទ្រដល់គម្រោងបោសសំអាតមីន នៅកម្ពុជា ៣ឆ្នាំបន្ថែមទៀត។ សំណើបានធ្វើឡើងនៅក្នុងជំនួប រវាងទេសរដ្ឋមន្រ្តីទទួល បន្ទុកបេសកកម្មពិសេស លោក លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរ មីន ជាមួយលោកស្រី Anna Roughly អ្នកសម្របសម្រួលគម្រោង របស់នាយកដ្ឋានអភិវឌ្ឍន៍អន្តរជាតិ ចក្រភពអង់គ្លេស ហៅកាត់ DFID នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។
ក្នុងជំនួបពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការ លើគម្រោងកសាងសមត្ថភាព ដល់មន្ត្រីអាជ្ញាធរមីន និងមន្ត្រីរៀបចំផែនការសកម្មភាព កម្ចាត់មីនថ្នាក់ក្រោមជាតិ លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលចក្រភពអង់គ្លេស និងប្រទេសន័រវេ ដែលបានចំណាយធនធាន ថវិកា និងសម្ភារៈជាច្រើន ក្នុងកិច្ចសហប្រតិបត្តិការលើគម្រោង ការកសាងសមត្ថភាព ដល់មន្រ្តីអាជ្ញាធរ មីន និងមន្ត្រីរៀបចំផែនការសកម្មភាព កម្ចាត់មីនថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់វិស័យកម្ចាត់មីននៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យ DFID និង NPA បន្តកិច្ចសហប្រតិបត្តិការគាំទ្រ ដល់អាជ្ញាធរមីន សម្រាប់រយៈពេល ៣ឆ្នាំបន្តទៀត ឆ្នាំ២០១៨-២០២០ ដើម្បីជួយគាំទ្រដល់ការពង្រឹង ក្នុងការរៀបចំផែនការការកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងការគ្រប់គ្រងប្រព័ន្ធប្រមូល ទិន្នន័យក្នុងវិស័យមីនកម្ពុជា។
ជាការឆ្លើយតប លោកស្រី Anna Roughly ក៏បានថ្លែងអំណរគុណដល់ក្រុមការងារ អាជ្ញាធរមីនត្រឡប់ទៅវិញដែរ ដែលបានផ្តល់នូវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅ និងផ្តល់នូវកិច្ចសហការធ្វើឲ្យគម្រោង DFID អាចដំណើការបានជោគជ័យដូចការគ្រោងទុក។ ចំពោះសំណើសុំបន្តការគាំទ្ររយៈពេល ៣ឆ្នាំបន្តទៀត ក្រុមការងារ NPA និងជជែកលម្អិតជាមួយអាជ្ញាធរមីន នៅពេលក្រោយ ពីព្រោះថវិកាគម្រោង DFID គឺស្ថិតក្រោមក្រសួងការបរទេសអង់គ្លេស។
សូមជម្រាបថា នៅព្រឹកថ្ងៃដដែលនេះ លោកទេសរដ្ឋមន្រ្តី បានបន្តអនុញ្ញាតឲ្យលោក Marc Bonne នាយកផ្នែកគ្រប់គ្រង ហានិភ័យលើវិស័យមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ប្រចាំនៅប្រទេសស្វីស ចូលជួបសម្ដែងការគួរសមផងដែរ។ ក្នុងជំនួបនោះ បានពិភាក្សាទៅលើគម្រោង ជួយកសាងសមត្ថភាព មន្ត្រីអាជ្ញាធរមីនកម្ពុជា។
លោក Marc Bonne បានសន្យាជួយដល់ អាជ្ញាធរមីនកម្ពុជា ក្នុងការបណ្តុះបណ្តាលជំនាញកម្ទេចគ្រាប់ ដល់ក្រុមអ្នកគ្រប់គ្រងគុណភាព របស់អាជ្ញាធរមីន ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាមនៅប្រទេសកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព៕