(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក W. Patrick Murphy (ដាប៊ែលយូ. ភែទ្រីក ម័រហ្វី) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។
ជំនួបនេះមានគោលបំណងរឹតបន្តឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕