(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ សីហា ២០១៦ នៅស្នាក់ការកណ្តាលគណៈដឹកនាំ ជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី ( JAKIM) បានដឹកនាំគណៈប្រតិភូ១២រូប មកពីស្ថាប័ន ចំនួន៥ ផ្សេងៗគ្នា ពិភាក្សាការងារដើម្បី ចាប់ផ្តើមអនុវត្តគម្រោងបណ្តុះបណ្តាល កិច្ចការសហគមន៍ឥស្លាម ដោយប្រើប្រាស់កញ្ចប់ថវិកា របស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលសន្យានឹងរាប់រង ១លានដុល្លារ កាលពីឆ្នាំ ២០១២ ហើយត្រូវបានសម្រេចយល់ព្រម កាលពីចុងឆ្នាំ ២០១៥ នេះ។
កញ្ចប់ថវិការនេះនឹងប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍វិស័យសំខាន់ៗ ជូនសហគមខ្មែរឥស្លាម តាមរយៈគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
កញ្ចប់ថវិការទាំងនេះ នឹងបន្តអនុវត្តទៅផ្នែកសំខាន់ចំនួន៦ រួមមាន:
- វិស័យអប់រំ និង វិជ្ជាជីវៈ
- ប្រព័ន្ឋគ្រប់គ្រងអាហារនិងផលិតផលហាឡាល់
- ប្រព័ន្ឋគ្រប់គ្រងការប្រមូលទ្រព្យហ្សាកាត់( ដកពន្ឋច្បាប់ឥស្លាម)និង ប្រព័ន្ឋសម្បត្តិគរុភ័ណ្ឌសាសនា
- ប្រព័ន្ឋគ្រប់គ្រងច្បាប់ និង និតិវិធីនៃការប្រារព្ឋពិធីបុណ្យហាជ្ជ
- គ្រប់គ្រងអាពាហ៍ពិពាហ៍ឥស្លាម
- គ្រប់គ្រងវិហារឥស្លាម
លោក Haji Mohammad Nordin Ismail អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការឥស្លាមម៉ាឡេស៊ី លើកឡើងថា ជាជំហានដំបូងក្នុងដំណើរការលើគម្រោងនានាសម្រាប់ឆ្នាំ២០១៦នេះ ក្រុមអ្នកឯកទេសរបស់ស្ថាប័នលោក បានទទួលការអនុញ្ញាតពីរដ្ឋាភិបាលម៉ាឡេស៊ី អោយចាប់ផ្តើមចំណាយខ្ទង់ថវិកា ចំនួន៣០ម៉ឺនដុល្លារសិន ហើយបន្តរៀងរាល់ឆ្នាំរហូតដល់បញ្ចប់បេសកកម្ម ដើមឆ្នាំ២០១៩។ ក្នុងពេលនេះ យើងផ្តើមពីវិស័យអប់រំជាមុន ដោយនឹងរៀបចំបំពាក់បំប៉នគ្រូបង្គោលថ្នាក់មត្តេយ្យ និង បឋមសិក្សា ហើយនឹងមានវគ្គអប់រំផ្សេងៗទៀត ។ ចំណែកប្រព័ន្ឋផ្សេងៗ ៥ចំនុចទៀតនឹងបន្តតាមកាលវិភាគ ដែលបានដាក់ជូនហើយ កែប្រែតាមស្ថានភាពជាក់ស្តែង។
លោកបន្តថា នេះជាការបង្ហាញពីការផ្សាភ្ជាប់ទំនាក់ទំនង អោយកាន់តែជិតស្និទ្ឋរវាងម៉ាឡេស៊ី ជាមួយកម្ពុជា។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានកោតសរសើរ និង ថ្លែងអំណរគុណដល់រដ្ឋាភិបាលម៉ាឡេស៊ី ដែលបានសម្រេចនិង ចាប់ផ្តើមដំណើរការគម្រោង កញ្ចប់ថវិការខាងលើដើម្បី ជួយបណ្តុះបណ្តាល និងបំពេញសេចក្តីត្រូវការរបស់សហគមន៍ខ្មែរឥស្លាម។ លោកបន្តថា ក្នុងនាមថ្នាក់ដឹកនាំ សាសនិកឥស្លាមកម្ពុជា សូមសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងបន្តបេសកកម្មនេះ រហូតបានសម្រេចគ្រប់ផ្នែកទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍ លើកកំពស់វិស័យអប់រំ វិជ្ជាជីវៈ វិស័យឧស្សាហកម្ម និងកិច្ចការសាសនាឥស្លាមនៅកម្ពុជា ជាពិសេស គឺការកាត់បន្ថយភាពក្រីក្រ។
លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបញ្ជាក់ថា សម្រាប់៦ចំណុចដែល ស្ថិតនៅក្រោមគម្រោងកញ្ចប់ថវិកាក្រោមការរាប់រងរបស់រដ្ឋាភិបាលម៉ាឡេស៊ី យើងកំពុងរៀបចំមេក្រុមការងារ តាមផ្នែកនីមួយៗ ដើម្បីទៅទទួលការបណ្តុះបណ្តាលពីម៉ាឡេស៊ី តែសម្រាប់ពេលវេលាដែលក្រុមបច្ចេកទេសដាក់ជូន ហាក់បីដូចជាគៀកគ្នា និង រយៈពេលខ្លី យើងសូមយកពេលនេះ ចាត់ចែងសមាសភាពអោយ សមស្រមតាមជំនាញនិមួយៗសិន បន្ទាប់មកនឹងស្នើសុំកំណត់ថេរវេលា ទៅតាមផ្នែកនីមួយៗ ៕