(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំអាជ្ញាធរ កងកម្លាំង និងមន្ទីរពាក់ព័ន្ធចុះពិនិត្យទីតាំងរបស់មន្ទីរពេទ្យជាតិ «តេជោសន្ដិភាព» ដែលនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ។

មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ។ មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន២០៦គ្រែ។

មន្ទីរពេទ្យជាតិតេជោសន្ដិភាព មានចំនួន១១អគារ ដែលមានអគារព្យាបាល និងសង្គ្រោះបន្ទាន់ (E) មានទំហំ ៧,៤៨០ ម៉ែត្រការ៉េ, អគារព្យាបាលកម្រិតធ្ងន់ (H1 និង H2) មានគ្រែសរុបចំនួន៥២៧គ្រែ, អគារ​ព្យាបាល​កម្រិត​ស្រាល​ (H3,H4,H5, H6 និង H7), អគារបច្ចេកទេស(T1), អគារបច្ចេកទេស (T2), អគារ​ផ្គត់​ផ្គង់​ និង​ព័ត៌មាន​ (A)​ មាន​ទំហំ២,៨៣៥ ម៉ែត្រការ៉េ, អគារស្នាក់នៅសម្រាប់បុគ្គលិក (S) មានគ្រែសរុបចំនួន ២៣៤ គ្រែ។ ចំណត​រថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែលអាចចត រថយន្តបានចំនួន ២១០ គ្រឿង មានសួនច្បារព័ណ៌បៃតងទំហំ ៤,៤៩០ ម៉ែត្រការ៉េផងដែរ។

ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» ដែលជាសមិទ្ធផលសំខាន់ នៃវិស័យសុខាភិបាលកម្ពុជានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវ កម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ផងដែរ។ កម្មវិធីអាទិភាពទី១នេះ គឺការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល៕