(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ បានដឹកនាំគណៈប្រតិភូ បំភ្លឺជូនក្រុមប្រឹក្សាធម្មនុញ្ញ ជុំវិញសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ពិធីនេះធ្វើឡើងក្រោមវត្តមាន លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ កិច្ចប្រជុំនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម។
សូមបញ្ជាក់ថា ច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ និងព្រឹទ្ធសភា ពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ នាសម័យប្រជុំលើកទី១១ នីតិកាលទី៤ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ត្រូវបានរៀបចំឡើងចំនួន១១មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៕