(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ ២០២៣នេះ គឺជាខួបគម្រប់លើកទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។

ក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេង យល់ឃើញថាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស មាន២ គឺទី១៖ ការបញ្ចប់សង្គ្រាមទាំងអស់នៅកម្ពុជា និងការដកទ័ពចេញពីទឹកដីកម្ពុជា និងទី២៖ ការស្ដារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការអភិវឌ្ឍបង្កើតឱ្យមានការបោះឆ្នោតជាសកល, បច្ចុប្បន្នប្រទេសមានសន្តិភាព, ជាពិសេសខ្លឹមសារសន្ធិសញ្ញាមួយចំនួនត្រូវបានដាក់ចូលក្នុងរដ្ធធម្មនុញ្ញ និងច្បាប់មួយចំនួនទៀត ដើម្បីបន្តការដឹកនាំស្របទៅតាមសន្ធិសញ្ញា និងការអភិវឌ្ឍឱ្យរីកចម្រើន។

ជាមួយគ្នានេះដែរ ក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេង សូមសម្ដែងការរលឹកដល់វីរៈភាពមហាបុរសខ្មែរគឺ សម្តេចព្រះបាទ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមក្នុងគោលបំណងស្វែងរកនូវសន្តិភាព ចាកផុតចេញពីសង្គ្រាម និង ជម្លោះរ៉ាំរ៉ៃជាង៥០០ឆ្នាំ ជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូលនៅខណៈនោះ គឺមានរដ្ឋាភិបាលចំនួន១៨ បានបានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងសន្តិភាពនេះ បូកទាំងភាគីខ្មែរបួនក្រុមទៀត។

តាមរយៈកិច្ចព្រមព្រៀងនេះ បានព្រមទាំងបន្តពួនធំ និងដឹកនាំកម្ពុជាដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួបបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគីមកជាធ្លុងមួយក្នុងស្មារតី «ខ្មែរតែមួយ បុព្វហេតុតែមួយដែលជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ។ គ្មានសង្រ្គាមណាមួយអាច បញ្ចប់ទៅបានដោយការប្រើប្រាស់អាវុធនោះទេ ប៉ុន្តែសង្គ្រាមបញ្ចប់ទៅបានដោយកិច្ចចរចា ដើម្បីស្វែងរកសន្តិភាព»។

ក្រុមនិស្សិតអ្នកស្រាវជ្រាវវ័យក្មេង បានកោតសសើចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងបាននឹងបន្តរក្សាការអនុវត្តទៅតាមសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយបានដាក់បញ្ចូលខ្លឹមសារគោលការណ៏មួយចំនួនក្នុងនីតិរដ្ឋរបស់ជាតិ ដើម្បីធានានូវការអនុវត្តឱ្យមានប្រសិទ្ធភាពរហូតដល់សព្វថ្ងៃ ប្រកបដោយការអភិវឌ្ឍប្រទេសរីកចម្រើនគ្រប់វិស័យ៕