(ភ្នំពេញ)៖ សៀវភៅ «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» (SAMDECH DECHO HUN SEN MAN OF CAMBODIA'S DESTINY) ដែលចាត់ចែងបកប្រែជាភាសាអង់គ្លេសដោយ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិតសភាកម្ពុជា នឹងសម្ពោធនៅក្នុងវេទិកាភ្នំពេញ លើកទី២ ដែលរៀបចំដោយ រាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

សៀវភៅ «សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា» ត្រូវបាននិពន្ធដោយ លោក កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងបោះពុម្ភនៅឆ្នាំ២០២២ ដោយមានចំនួន៦០១ទំព័រ។

នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានទម្លាយថា រឿងសម្ងាត់ក្នុងជីវិតដឹកនាំប្រទេសជាតិរបស់សម្តេច ក៏ដូចជានយោបាយប្រមាណ ៧០ទៅ៨០ភាគរយ ដែលមិនធ្លាប់មាននរណាដឹងនោះ ត្រូវលាតត្រដាងតាមរយៈសៀវភៅមួយក្បាលនេះ។ សម្តេចក៏បានផ្តល់អនុសាសន៍ឱ្យបោះពុម្ភសៀវភៅនេះ ចំនួន៥ម៉ឺនច្បាប់ និងចាត់ចែងឱ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឱ្យមិត្តភក្តិបរទេសបានដឹងផងដែរ។

ដោយមើលឃើញពីសារសំខាន់នៃសៀវភៅនេះ សម្រាប់អ្នកសិក្សាស្រាវជ្រាវជាសកល លោក កែវ បាភ្នំ បានអនុញ្ញាតឱ្យ លោកបណ្ឌិត គិន ភា ចាត់ចែងរៀបចំបកប្រែជាភាសាអង់គ្លេស ដោយមានចំណងជើងថា «SAMDECH DECHO HUN SEN MAN OF CAMBODIA'S DESTINY» តែម្តង។

បើតាម លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, ការបក​ប្រែជាភាសាអង់គ្លេស​​ មានកត្តាសំខាន់៤ ក្នុងនោះរួមមាន៖

ទី១៖ គឺដោយសារតែសៀវភៅនេះ ជាឯកសារប្រវត្ដិសាស្ដ្រសំខាន់បំផុត ជាពិសេស គឺពាក់ព័ន្ធនឹងដំណើរជីវិតនិងនយោបាយរបស់សម្ដេចតេជោផ្ទាល់ ក៏ដូចជាប្រវត្ដិសាស្ដ្រប្រទេសកម្ពុជា។ ជាការណ៍​ ប្រវត្ដិសាស្ដ្រប្រទេសកម្ពុជាក្និងវាសនាអនាគតរបស់ប្រទេសជាតិទាំងមូលក្រោយសម័យសាធារណរដ្ឋខ្មែរ មានការជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងជីវិតសម្ដេចតេជោ។

ទី២៖ តាំងពីសម្ដេចតស៊ូពីឆ្នាំ១៩៧៧ រហូតមានសន្ដិភាពពេញលេញបរិបូរណ៍ និងមានការអភិវឌ្ឍនេះ គឺជាចំណុចរបត់ប្រវត្ដិសាស្ដ្រដ៏សំខាន់ណាស់ ដែលចាំបាច់ត្រូវតែធ្វើការផ្សាព្វផ្សាយឲ្យបានទូលំទូលាយ នៅក្នុងចំណោមអ្នកអានមជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។

ទី៣៖ សៀវភៅនេះគឺមានតម្លៃជាខ្លាំងក្នុងការឆ្លុះបញ្ចាំពីរបៀបដែលការទូតនៃរដ្ឋដូចជាកម្ពុជាតស៊ូក្នុងមហាព្យុះនៃសង្គ្រាមត្រជាក់ នឹងប្រឹងបម្រះខ្លួនចេញេពីរបបប្រល័យពូជសាសន៍ ហើយតស៊ូយ៉ាងលំបាកនូវក្រោមគំនាបនិងសម្ពោធអន្ដរជាតិ ក្នុងដំណាក់កាលឆ្នាំ ១៩៧៩ដល់១៩៩៣​ និងដំណើរការទទួលបាននូវសន្តិភាពពេញលេញមិនធ្លាប់មានជាង៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជា។​ ការទូតនៃរដ្ឋតូចរបស់កម្ពុជា គឺពិតជាមេរៀនដ៏សំខាន់មួយសម្រាប់ពិភពលោក ដែលចាំបាច់ត្រូវតែសិក្សា រៀនសូត្រ ជាពិសេស គឺស្វែងយល់ពីរបៀបដែលសម្ដេចតេជោកាច់ចង្កូតការទូតកម្ពុជាក្នុងឋានៈជារដ្ឋតូចមួយ ដែលអាចប្រឈមនិងសម្ពោធអន្ដរជាតិផង និងប្រឹងរស់ឡើងវិញ ស្តារ កសាង និងអភិវឌ្ឍជាតិ រហូតក្លាយជារដ្ឋមួយ ដែលដើរតួនាទីយ៉ាងសំខាន និងសកម្ម នៅក្នុងកិច្ចការតំបន់និងអន្ដរជាតិ។

ទី៤៖ កន្លងមក បរទេសមួយចំនួនមិនដឹង មិនយល់អំពីរបៀបដែលកម្ពុជា ប្រឹងរស់ឡើងវិញយ៉ាងវេទនាពីរបបប្រល័យពូជសាសន៍ និងខិតខំប្រឹងប្រែងកសាងសន្ដិភាពដោយរបៀបណា និងរបៀបដែលកម្ពុជា អភិវឌ្ឃប្រទេសជាតិដោយរបៀបណា ដែលធ្វើឲ្យកម្ពុជា បានមកដល់ទាំងតាំងបច្ចុប្បន្នរបស់ខ្លួន។

សៀវភៅនេះ ផ្ដល់ព័ត៌មានបានគ្រប់គ្រាន់ដល់មជ្ឃដ្ឋានអ្នកអានបរទេស ដើម្បីស្វែងយល់អំពី សម្ដេចតេជោ ហ៊ុន សែន និយាយដោយឡែកនិងកម្ពុជា​ និយាយជារួម​ ក៏ដូចជា បរិបទនយោបាយតំបន់និងពិភពលោកផងដែរ៕