(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យឯកជន បានលើកយកបញ្ហាប្រឈម២៩ចំណុចរបស់សហគ្រាសធុនតូច និងមធ្យម (SME) មកពិគ្រោះយោបល់ និងដោះស្រាយ ដើម្បីជួយឱ្យ SME កាន់តែដំណើរការល្អ និងរីកចម្រើន។

កិច្ចប្រជុំពិគ្រោះយោបល់ លើវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនិងសំណូមពរបស់បណ្តាសហគ្រាសធុនតូចនឹងមធ្យមនាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំដោយ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុនតូច និងមធ្យម និងសេវា។

លោក ហែម វណ្ណឌី មានប្រសាសន៍ថា កម្រងបញ្ហាប្រឈមទាំងនេះ ក្រសួងឧស្សាហកម្មទទួលបានពីវិស័យឯកជន និងពីសមាគមនានា ក្នុងនោះបញ្ហាខ្លះពាក់ព័ន្ធដោយផ្ទាល់ជាមួយក្រសួងឧស្សាហកម្ម និងបញ្ហាមួយចំនួនទៀតពាក់ព័ន្ធនឹងក្រសួងផ្សេងទៀត ដូចជាក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ធនាគារជាតិ និងធនាគារ SME ជាដើម ក្នុងការចូលរួមដោះស្រាយ។

លោកបន្តថា បន្ទាប់ពីកិច្ចប្រជុំពិគ្រោះយោបល់នេះ លទ្ធផលនឹងធ្វើរបាយការណ៍រាយការេះជូនរាជរដ្ឋាភិបាល។ សម្រាប់បញ្ហាដែលនៅសល់តិចតួចនឹងដាក់ជូនរាជរដ្ឋាភិបាលបន្ត។

លោកស្រី កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា មានប្រសាសនថា ការលើកឡើងនូវបញ្ហារបស់សហគ្រាសធុនតូចនឹងមធ្យមមកដោះស្រាយនាពេលនាពេលនេះ គឺបានបង្ហាញនូវឆន្ទៈរបស់រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មក្នុងការជួយដល់វិស័យឯកជន។

លោកស្រី សប្បាយចិត្តដែលបញ្ហាខ្លះត្រូវបានដោះស្រាយភ្លាមៗ ហើយបញ្ហាខ្លះទៀតត្រូវការការចូលរួមពីស្ថាប័នផ្សេងៗក្នុងការដោះស្រាយ។

សម្រាប់បញ្ហាប្រឈមរបស់ SME ដែលបានលើកមកពិគ្រោះយោបល់ និងដោះស្រាយ រួមមាន៖ ការយឺតយ៉ាវក្នុងការផ្តល់សេវាតភ្ជាប់បណ្តាញទឹកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ , ប្រកាសស្តីពីនីតិវិធី និងបែបបទនៃការស្នើសុំបញ្ជាក់លក្ខណៈមាត្រាសាស្រ្តលើទំនិញនាំចូលចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ , បញ្ហាកង្វះគ្រូជំនាញបច្ចេកទេស, ការចុះបញ្ជីផលិតផល, លិខិតបទដ្ឋានគតិយុត្តដែលរៀបចំចេញដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពុំបានប្រមូលធាតុចូលពីផ្នែកពាក់ព័ន្ធគ្រប់ជ្រុងជ្រោយ, បង្កើនយន្តការជួយSMEs ឱ្យទទួលបានស្តង់ដារ GMP/GHP HACCP ដើម្បីសុវត្ថិភាពចំណីអាហារក្នុងស្រុក និងការនាំចេញ,ការតភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូច និងមធ្យមជាមួយសហគ្រាសវិនិយោគ,ការធ្វើការងារ និងតួនាទីមន្ទីរពិសោធន៍, ការបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច នឹងមធ្យម, ការចូលទីផ្សារផលិតផលក្នុងស្រុក និងការហូរចូលផលិតផលក្រៅស្រុក, កង្វះកន្លែង ឬតំបន់ប្រមូលផ្តុំអន្តរកម្មផលិតផលក្នុងស្រុក កង្វះភ្នាក់ងារគាំទ្រ ឬភ្នាក់ងារឯកទេសសមត្ថភាព និងចំណេះដឹងជំនាញ និងបណ្តុំព័តមានផ្នែកធុរកិច្ចនៅមានកម្រិត, ផលិតផលនាំចូលមួយចំនួនមិនបានបកប្រែភាសាខ្មែរលើសំបកវេចខ្ចប់តាមច្បាប់ដែលមានស្រាប់ដែលនាំឱ្យមានការនាំចូលទំនិញគេចពន្ធធ្វើឱ្យបាត់ចំណូលជាតិ និងការប្រកួតប្រជែងមិនស្មើភាពគ្នារវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល, កង្វះទុនអាជីវកម្ម ការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន, តម្លៃសេវា និងនីតិវិធីនៃការបង់ពន្ធសម្រាប់សហគ្រាសដែលចង់ពង្រីកអាជីវកម្មរបស់ខ្លួន មានតម្លៃខ្ពស់ , បញ្ហាថ្លៃអគ្គិសនី រួមនឹងបញ្ហាសំខាន់មួយចំនួនទៀត៕