(ភ្នំពេញ)៖ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់អង្គភាព Fresh News នៅមុននេះបន្តិចថា បន្ទាប់ពីមានការស្រាវជ្រាវយ៉ាង លម្អិតរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំពោះឃាតកម្មហាងមីនីម៉ាត ក្បែរផ្សាររាត្រីនោះ កម្លាំងអាវុធហត្ថបានរកឃើញថា មានមនុស្ស៣នាក់ ជាប់ពាក់ព័ន្ធ នឹងអំពើឃាតកម្មនេះ ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ។
លោក អេង ហ៊ី បានបញ្ជាក់ថា ជនដៃដល់ដែលជាអ្នកបាញ់សម្លាប់ផ្ទាល់ដៃនោះ លោកមិនទាន់អះអាងទេ ដោយទុកឲ្យខាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជាអ្នកចោទប្រកាន់, ខាងកម្លាំងអាវុធហត្ថមានសិទ្ធិត្រឹមបញ្ជូនជនពាក់ព័ន្ធទាំង៣នាក់ និងភស្តុតាង (កាំភ្លើង២ដើម) ទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។
តាមព័ត៌មានច្បាស់ការណ៍មួយដែល Fresh News ទទួលបាននៅរសៀលថ្ងៃនេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលបាញ់សម្លាប់មនុស្ស នៅស្តាម៉ាតនោះគឺ មិនមែនប្អូនប្រុស កញ្ញា ខៀវ សុខារ៉ាវី នោះទេ, ដោយអ្នកបាញ់មានឈ្មោះ ផុន ភក្តី។
សូមជំរាបថា នៅថ្ងៃកើតហេតុ ម្តាយ ខៀវ សុខារ៉ាវី បាននិយាយប្រាប់អង្គភាព Fresh News បានឲ្យដឹង កូនរបស់គាត់មិនមែនជាអ្នកបាញ់សម្លាប់នោះទេ, មានអ្នកផ្សេងជាអ្នកចូលមកបាញ់សម្លាប់ដូចលក្ខណៈប្លន់។ ម្តាយ ខៀវ សុខារ៉ាវី បានបញ្ជាក់យ៉ាងដូច្នេះថា «កូនរបស់ខ្ញុំមិនមែនជាអ្នកបាញ់នោះទេ មានមនុស្សផ្សេងចូលមកបាញ់ ដូចក្នុងលក្ខណៈប្លន់, បើមិនជឿខ្ញុំមានកាមេរ៉ាមើល»។
តាមការរៀបរាប់បានឲ្យដឹងថា ករណីហិង្សារហូតដល់មានឃាតកម្មសម្លាប់មនុស្សនេះ ដំបូងឡើយគឺមានទំនាស់រវាងមនុស្ស២ក្រុម ហើយក្រុមមួយទៀតនោះបានចូល ផឹកស៊ីនៅហាងមួយ ក្បែរស្តាម៉ាតដែលជនរងគ្រោះធ្វើការ ព្រមទាំងព្យាយាមអុកឡុកនៅក្នុងស្តាម៉ាតម្តងហើយ ម្តងទៀត។ ក្រោយមក ពួកគេក៏មានទំនាស់ ជាមួយនឹងប្អូនខៀវ សុខារ៉ាវី រហូតដល់មានការផ្ទុះអាវុធបណ្តាលឱ្យស្លាប់ឈ្មោះ សឺន ចាន់ដារ័ត្ន តែម្តង។
សូមជំរាបថា កាលពីម៉ោងជាង៩យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ មានករណីហិង្សារហូតដល់ផ្ទុះអាវុធ ស្លាប់យុវជនម្នាក់នៅក្នុងហាងមីនីម៉ាត ផ្ទះលេខ165Eo ផ្លូវព្រះស៊ីសុវត្ថិ ខណ្ឌដូនពេញ ក្បែរផ្សារាត្រី។ ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ សឺន ចាន់ដារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ដែលត្រូវបានគេអះអាងថា បានរងគ្រោះដោយសារតែការចូលទៅឃាត់កុំឱ្យមានជម្លោះរវាងក្រុមទាំងពីរ។
អាវុធហត្ថរាជធានីភ្នំពេញ នឹងបញ្ជូនជនសង្ស័យទាំងអស់ (៣នាក់) ទៅតុលាការនៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះតែម្តង៕