(ភ្នំពេញ)៖ លោក VAGHINAK SARGSYAN នាយកមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ (CHDE ) នៃប្រទេសអាមេនី បានកោតសរសើរយ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងកិច្ចការបោសសម្អាតមីន និងការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មស្វែងរកសុខសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ការកោតសសើរបែបនេះរបស់លោក VAGHINAK SARGSYAN បានធ្វើឡើងនាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសលោកជួបសម្តែងការគួរសមជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពមីន និងស្វែងយល់ពីប្រតិបត្តិការរក្សាសន្តិភាព នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញមកដល់របស់គណៈប្រតិភូ ដែលឆ្លៀតមកទស្សនកិច្ចមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អំឡុងពេលអញ្ជើញចូលរួមសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព។

ទន្ទឹមនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បាននាំយកអនុសាសន៍សុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃពកម្ពុជា រួមទាំងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដល់គណៈប្រតិភូប្រទេសអាមេនីផងដែរ។

ក្នុងជំនួបនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងនូវបទបង្ហាញអំពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា រួមទាំងវីដេអូឯកសារបង្ហាញពីសមិទ្ធិផលរយៈពេល១៧ឆ្នាំ ដែលមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC) សម្រេចបាន។

ក្នុងនាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះ លោក VAGHINAK SARGSYAN និងក្រុមការងារនៃមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ (CHDE ) ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពមីន និងសិក្សាស្វែងយល់ពីប្រតិបត្តិការរក្សាសន្តិភាព នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព(NPMEC)។

ទន្ទឹមនោះ ក្រុមការងារនៃមជ្ឈមណ្ឌលបោសសម្អាតមីនមនុស្សធម៌ ក៏បានធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងកិច្ចការងាររបស់CHDE រួមទាំងសកម្មភាពចូលរួមបេសកកម្មជាមួយកម្លាំងមួកខៀវកម្ពុជា នៅសាធារណរដ្ឋលីបង់ផងដែរ៕