(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត កុសល អាមីត សាំងហ៊ី ដែលមានបទពិសោធន៍ និងឯកទេសផ្នែកក្រពះ ពោះវៀនថ្លើម ប្រម៉ាត់ លំពែង ជាង​២៥​ឆ្នាំ ហើយបច្ចុប្បន្ននេះកំពុងបម្រើរការនៅ​មន្ទីរពេទ្យ រ៉ា​ហ្វ​ល នៅប្រទេសសិង្ហបុរី (Raffles Hospital) បានថ្លែងថា ជំងឺមហារីកក្រពះ គឺកើតមានឡើងលើវ័យលើសពី ៤០ឡើងទៅ នៅអាស៊ីយើងមានអ្នកជំងឺនេះច្រើន ក្នុងនោះកម្ពុជាមានចំនួនតិចជាងបណ្ដាប្រទេស។

ជំងឺមហារីកក្រពះនេះ ក៏អាចកើតមាននៅលើយុវវ័យផងដែរ ដោយសារកត្ដានៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃ ពិសេសអ្នកជក់បារី និងពិសាគ្រឿងស្រវឹង។ ជំងឺនេះមិនងាយនឹងលេចចេញនូវរោគសញ្ញានោះទេ ក្នុងដំណាក់កាលដំបូង។

«ដូច្នេះបើលេចនូវរោគសញ្ញាមួយចំនួន ដូចជា ក្ដៅក្រហាយ ឈឺចុកចុងដង្ហើម អត់ចំណង់អាហារ ញាំបានតិចតែមានអារម្មណ៍ឆាប់ឆ្អែត មានចង្អោរ ឬចង់ក្អួត និងស្រកគីឡូជាដើម ត្រូវប្រញាប់ទៅជួបជាមួយគ្រូពេទ្យឯកទេស ឬជំនាញផ្នែកក្រពះពោះវៀនតែម្ដង ដើម្បីកុំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត»។ ការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត កុសល អាមីត សាំងហ៊ី។

អ្នកជំនាញរូបនេះបានបន្ដថា ជំងឺមហារីកក្រពះ បើឆាប់រករោគវិនិច្ឆ័យឱ្យបានលឿន មុនវិវឌ្ឍន៍ដល់ដំណាក់កាលខ្លំាង ឬចុងក្រោយ នោះអត្រាព្យាបាលជាសះស្បើយ បានខ្ពស់រហូតដល់ទៅ៩០% (ដំណាក់កាលដំបូង)។ បើយោងតាមទិន្ន័យនៃការសិក្សារយៈពេល៥ឆ្នាំ អ្នកជំងឺ៩០នាក់ ក្នុងចំណោម១០០នាក់ អាចព្យាបាលជា។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា មធ្យោបាយនៃការឃើញនៃជំងឺនេះ គឺតាមរយៈរករោគវិនិច្ច័យ ដូចជា៖ ថតឆ្លុះតាមអង់ដូស្កុបពី និងសុង ស្វែងរកឃើញច្បាស់ស្ទើរ១០០%, ការលេបកាមេរ៉ាថតឆ្លុះ និងតាមរយៈតេស្ដឈាមជាដើម ដែលនិយមផងដែរនៅសិង្ហបុរី។

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិតឯកទេសប្រចាំមន្ទីរពេទ្យសិង្ហបុរី រ៉ា ហ្វល បានផ្ដល់អនុសាសន៍ណែនាំពីការការពារ ឬថែរក្សាសុខភាព ចៀសផុតពីជំងឺខាងលើនេះ ដែលរួមមាន៖
* ត្រូវរស់នៅប្រកបដោយសុផាកសុខភាព រស់នៅស្អាត ហូបស្អាត មានអនាម័យ
* អាហារត្រូវចម្អិនឆ្អិនល្អ
* កុំជាក់បារី
* កុំពិសាគ្រឿងស្រវឹង ឬពិសាតិចតួរ កុំឱ្យលើសកម្រិត
* កុំពិសាអាហារផ្អាប់ច្រើនពេក
* កុំពិសាហារប្រៃពេក ខ្លោចពេក
* ត្រូវមកតាមដានសុខភាពជាទៀងទាត់

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត កុសល អាមីត សាំងហ៊ី យ៉ាងដូច្នេះក្នុងឱកាសលោកអញ្ជើញមកកម្ពុជាជាលើកដំបូង ដើម្បីចូលរួមចែករំលែកបទពិសោធន៍លើឯកទេសទាំងនេះ ដល់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ដែលបានរៀបចំសន្និបាតប្រចាំឆ្នាំលើកទី១៨ កាលពីចុងសប្ដាហ៍នេះ។

លោកវេជ្ជបណ្ឌិតរូបនេះក៏បានលើកទឹកចិត្ដដល់ប្រជាពលរដ្ឋកម្ពុជា ត្រូវស្រលាញ់សុខភាពជាចម្បង ហើយត្រូវទៅពិនិត្យសុខភាពជាទៀងទាត់ ដើម្បីទទួលបានសុខភាពល្អ ពិសេសចៀសផុតពីការជំងឺកាចសាហាវផ្សេងៗ ដោយសារមិនបានរុករកមុននឹងការវិវឌ្ឍន៍ដល់ដំណាក់កាលចុងក្រោយ។

លោកអ្នកដែលចង់បានសេវាពិនិត្យ ពិគ្រោះយោបល់ជាមួយលោកវេជ្ជបណ្ឌិត កុសល អាមីត សាំងហ៊ី នៅមន្ទីរពេទ្យ Raffles Hospital នៅសិង្ហបុរី អាចទំនាក់ទំនងទៅកាន់ការិយាល័យតំណាង មន្ទីរពេទ្យ រ៉ាហ្វល នៅកម្ពុជាផងដែរ តាមរយៈលេខ៖ ០៧០ ៩១៩៤៩៤/០១១ ២១៩៩៧៧/ ០២៣ ២១៦៩១១៕