(ភ្នំពេញ)៖ ផលិតកម្មក្មេងខ្ចីមួយទៀត មានឈ្មោះថា «GALAXY» បានបង្ហាញពីស្នាដៃថ្មីមួយទៀត ក្នុងទីផ្សារភាពយន្ត ដោយរឿងដំបូងរបស់ខ្លួន មានចំណងជើងថា «កំពូលល្ងង់នៅអាស៊ី» ដែលជាការចូលរួមសម្ដែងដោយ តារាកំប្លែងកំពុងមានទីផ្សារខ្ពស់ស្ទើរតែលេខមុខគ្រប់សាច់រឿង នាយ ពាក់មី និងនាយគ្រឿន អមជាមួយតារាសម្ដែងស្រីមុខមានមន្តស្នេហ៍ កញ្ញា ម៉ុន ផលចរិយា ហៅអារីយ៉ា ដោយបានដាក់ក្ដីរំពឹងថា នឹងទទួលបានជោគជ័យខ្ពស់ពេលដាល់បញ្ចាំងនៅលើទីផ្សារ។
ថ្លែងនៅក្នុងពិធីបង្ហាញភាពយន្តថ្មី លើកទី១របស់ខ្លួន លោក ឡេង ណាវ៉ាត់ត្រា ជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម «GALAXY» បានឲ្យដឹងថា រឿង «កំពូលល្ងង់នៅអាស៊ី» គឺឆ្លុះបញ្ចាំងពីភាពកំប្លែង មនោសញ្ចេតនា កម្សត់ខ្លាំង ហើយក៏ឆ្លុះពីស្ថានភាពពិត ពីសង្គមសព្វថ្ងៃ និងនិពន្ធដោយលោកផ្ទាល់ តែកែសម្រួលដោយនាយពាក់មី និងដឹកនាំដោយលោក ទូច ឧត្ដម ។
លោកបន្តថា រឿងនេះជាការនិពន្ធថ្មីសុទ្ធសាធ មិនមានការចម្លងពីបរទេសនោះទេ ហើយមូលហេតុដែលលោកសម្រេចចិត្ត ផលិតរឿងបែបជាកំប្លែងនេះឡើង ព្រោះលោកយល់ថា ទីផ្សារនៅស្រុកខ្មែរយើង កាលណាធ្វើរឿងកំប្លែង គឺជោគជ័យច្រើន ព្រោះគ្មានអ្នកណាចង់ទៅមើលកុន ជារឿងកម្សត់ៗ ចេញមកនាំគ្នាយំទេ គឺគេចង់សប្បាយៗ ពោលធ្វើរឿងកំប្លែងបានត្រូវទីផ្សាររបស់យើង ហើយមានលក្ខណៈពិសេស គឺឈុតរន្ធត់ និងកំប្លែងស្ងួតរបស់នាយពាក់មី និងនាយគ្រឿនតែម្ដង។
អ្នកចាត់ការទូទៅ មានប្រវត្តិតស៊ូធ្វើជាពលករនៅក្នុងប្រទេសកូរ៉េរូបនេះ បានបន្តឲ្យដឹងថា ផលិតកម្ម GALAXY ដែលទើបតែចេញវ៉ុលចម្រៀង ដែលមានលោក ម៉ារ៉ា ប៊ុណ្ណា ច្រៀងបទ «សង្សារខ្ញុំជាស្រីខារ៉ាអូខេ» ធ្វើឲ្យយុវយ័មានការចាប់អារម្មណ៍ រួមជាមួយតារាចម្រៀងរ៉េប នេនទុំ និង DJ កណ្ដុរ ជាដើមនោះ ឥឡូវផលិតកម្មដ៏ថ្មីនេះ បានឈានទៅផលិតភាពយន្ដវាយលុកទីផ្សារ ដើម្បីប្រកួតប្រជែងទាំងទីផ្សារចម្រៀង និងទីផ្សារភាពយន្ដព្រមគ្នាតែម្ដង។ រឿងទី១ដែលផលិតកម្ម «GALAXY» បានចំណាយទុនជាច្រើនម៉ឺនដុល្លារ ដែលមានតួឯកនាយពាក់មី ប៉ះស្រីស្អាតសាច់សខ្ចី នាង ម៉ុន ផលចរិយា ហៅអារីយ៉ា និងតារាដែលចូលរួមមួយចំនួនទៀត ដូចជា លោក ម៉ារ៉ា ប៊ុណ្ណា, នាយគ្រឿន, DJ កណ្ដុរ ជាដើម។
«មូលហេតុដែលនាំឲ្យផលិតកម្ម Galaxy សម្រេចផលិតខ្សែភាពយន្តលើទីផ្សារចម្រៀង ក៏ព្រោះតែផលិតកម្មយល់ឃើញថា ទីផ្សារភាពយន្តខ្មែរនាពេលបច្ចុប្បន្ន មានការរីកចម្រើនខ្លាំង ហើយម្យ៉ាងទៀតខាងផលិតកម្ម មានអ្នកជោគជ័យខាងវិស័យភាពយន្ត ចាំជួយប្រឹក្សាយោបល់។ ត្បិតអីក្រៅពីតួឯក នាយ ពាក់មី គឺជាអ្នកប្រឹក្សា និងជួយកិច្ចការជាច្រើនទៀត ដើម្បីធ្វើឲ្យខ្សែភាពយន្តទទួលបាន ភាពជោគជ័យលើទីផ្សារ។ ការរួមចំណែកខាងលើ នាយពាក់មី មិនមានភាគហ៊ុនជាមួយឡើយ គឺគ្រាន់តែជាអ្នករាប់អានគ្នាដូចជាបងប្អូន។ ប៉ុន្តែប្រសិនបើខ្សែភាពយន្តទទួលបានចំណេញច្រើន ខាងផលិតកម្មអាចនឹងចែកឲ្យចំណែកណាមួយ ទៅភាពជាក់ស្ដែង!»។ នេះជាការលើកឡើងរបស់ លោក ឡេង ណាវ៉ាត់ត្រា។
លោក ឡេង ណាវ៉ាត់ត្រា បានបន្តទៀតថា ដោយសារតែសាច់រឿងមានភាពទាក់ទាញ ហើយតារាសម្ដែងតែប្រជុំទៅដោយតារាល្បីៗជាច្រើន មាននាយ ពាក់មី ជាអ្នកចាំជួយផងនោះ លោកសង្ឃឹមច្រើនថា និងទទួលជោគជ័យលើទីផ្សារ។
សូមបញ្ជាក់ថា រឿង «កំពូលល្ងង់នៅអាស៊ី» បានដំណើរការថតប្រហែលជា៥០ភាគរយមកហើយ ។ ជាមួយគ្នានោះខ្សែភាពយន្តដដែល ក៏គ្រោងយកទៅចាក់នៅប្រទេសកូរ៉េ ដើម្បីឲ្យពលករខ្មែរទៅធ្វើការងារនៅទីនោះ បានទស្សនា។ រឿង «កំពូលអ្នកល្ងង់នៅអាស៊ី» បានចាប់ផ្តើមថតនៅក្បែរតំបន់ភ្នំបាសិទ្ធ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដែលគ្រោងចំណាយពេលផលិត៥ខែ ទើបដាក់បញ្ចាំងនៅអំឡុងខែតុលា ឬវិច្ឆិកា ឆ្នាំ២០១៦ និងដាក់ទុនអស់ជាង៥ម៉ឺនដុល្លារ សម្រាប់វណ្ណកម្មដំបូងនេះ ដោយលោក ណាវ៉ាត់ត្រា សង្ឃឹមថា ទស្សនិកជននឹងផ្ដល់ការគាំទ្រ GALAXY ទាំងភាពយន្ដ និងចម្រៀងផងដែរ៕