(សៀមរាប)៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ឆ្នាំ២០២៣ ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ  អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងពីរស្រុកជាច្រើនចូលរួម ផងដែរ។

បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០-២០២៤ នៃផែនការ៣ឆ្នាំរំកិល និងការលើកឡើងរបស់លោកស្រី ម៉ននី រងី្ស អំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកក្រឡាញ់ និងស្រុកស្រីស្នំផងដែរ។ 

ក្នុងអង្គវេទិកានោះដែរ សមាជិកសមាជិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរមួយចំនួន។ ក្នុងនោះដែរ បានលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន១១ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម អគ្គិសនី អប់រំ ប្រព័ន្ធធារាសាស្ត្រ ពាណិជ្ជកម្ម (រកទីផ្សារលក់កសិផល) គ្មានការងារធ្វើ និងផ្ទះគ្រូបង្រៀន។

ក្នុងនោះដែរ ត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូលឲ្យអស់កង្វល់ ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរចំនួន២៦សំណួរ/សំណូមពរផងដែរ។ 

ក្នុងឱកាសនោះដែរ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា អង្គវេទិកានេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកបដោយតម្លាភាព និងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលាក្នុងករណីដោះស្រាយបានភ្លាមៗ និងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ។

លោក អ៊ាន ឃុន បានលើកឡើងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភារួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើបាវវចនាទាំងប្រាំ គឺ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។

លោក អ៊ាន ឃុន បានបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងន័យស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមានក្នុង មូលដ្ឋានរបស់ខ្លួន។

លោកប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ថា វេទិកាសាធារណៈនេះ ជាលើកទី៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប និងជាគោលដៅទី១នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធរួម និងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះដែរ ការពិនិត្យ និង ដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ និងជួយជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិ ឃុំ ស្រុក ក្នុងខេត្តសៀមរាបទាំងមូលផងដែរ៕