(កណ្តាល)៖ បន្ទាប់ពីចុះកិច្ចសហប្រតិបត្តិការបង្កើតថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាថ្មី ជាមួយសាកលវិទ្យាល័យ UTAR របស់ម៉ាឡេស៊ី សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ ប៊ួរ គ្រី គ្រោងចុះ MOU ជាមួយសាកលវិទ្យាល័យខ្នាត អន្តរជាតិ២ទៀត នៅប្រទេសចិន និងក៉ូរ៉េ ដើម្បីបញ្ជូននិស្សិតខ្មែរ ទៅសិក្សាក្រេបយកចំណេះដឹង ជំនាញពិតប្រាកដពីបរទេស ដើម្បីមកចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យរីកចម្រើនទៅមុខជាលំដាប់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្ដែងសម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះសាកលវិទ្យាធិការ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជប៊ួរ គ្រី ហៅកាត់ថា SBKU បានមានថេរៈដីការថា ក្រោយបើកដំណើរការ បានរយៈពេល១ឆ្នាំ សាកលវិទ្យាល័យ បានចុះអនុស្សារណៈ សហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Abdul Rahman ហៅកាត់ UTAR ដែលជាសកលវិទ្យាល័យខ្នាតអន្តរជាតិ និងល្បីរបស់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ ទទួលស្គាល់តាមស្តង់ដាអន្តរជាតិ។ កម្មវិធីចុះហត្ថលេខានេះ ធ្វើឡើងនៅឯប្រទេសម៉ាឡេស៊ី នាពេលកន្លងទៅថ្មីនេះ។

សម្តេចព្រះសាកលវិទ្យាធិការ បានគូសបញ្ជាក់ថា សាកលវិទ្យាល័យទាំង២ បានឯកភាពគ្នាបង្កើតថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាថ្មីមួយ ដែលតម្រូវឲ្យនិស្សិតសិក្សារយៈពេលតែ៣ឆ្នាំប៉ុណ្ណោះ ក្នុងនោះសិក្សានៅសាកលវិទ្យាល័យ SBKU មួយឆ្នាំ និងសិក្សានៅសាកវិទ្យាល័យ UTAR មួយឆ្នាំ ហើយឆ្នាំទី៣ គឺតម្រូវនិស្សិតចុះធ្វើកម្មសិក្សា នៅតាមក្រុមហ៊ុន ឯរោងចក្រផ្ទាល់តែម្តង ដើម្បីផ្តល់ឱកាសឲ្យនិស្សិត បានយល់ដឹងពីទ្រឹស្តី និងការអនុវត្តកាន់តែច្បាស់។

សម្តេចក៏បានមានថេរៈដីការបន្ថែមផងដែរថា ក្រៅពីនោះសកលវិទ្យាល័យទាំង២ ក៏បានបង្កើនកម្មវិធីឲ្យនិស្សិតទាំងសង្ខាង សិក្សាតាមប្រពន្ធ័អនឡាញ ជាមួយគ្នារយៈ២ខែកន្លះ ក្នុង១ឆ្នាំផងដែរ ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ហើយខាងម៉ាឡេស៊ី ថែមទាំងអនុញ្ញាតឲ្យនិស្សិតយើង ធ្វើការសិក្សាស្រាវជ្រាវពីបណ្ណាល័យរបស់គេ តាមរយៈវេបសាយ ថែមទៀត ដែលក្នុងជំហ៊ាន៥ឆ្នាំដំបូងនេះ ខាងម៉ាឡេស៊ី ទទួលនិស្សិតពីយើងទៅសិក្សា ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យាថ្មី នៅសាកលវិទ្យាល័យរបស់គេ តាមរយៈអាហាររូបបករណ៍ចំនួន៣នាក់ ដូច្នេះ និស្សិតដែលបញ្ចប់ឆ្នាំទី១នៅ SBKU អាចដាក់ពាក្យប្រឡងដើម្បីចេញទៅសិក្សាបន្តនៅសាកវិទ្យាល័យ UTAR នៅម៉ាឡេស៊ី រហូតទទួលបរិញ្ញាបត្រ បានដោយឥតគិតថ្លៃ ដែលនេះពិតជាមោទនៈភាពណាស់ ព្រោះបើត្រូវបង់ថ្លៃសិក្សាវិញ ក្នុង១ឆ្នាំត្រូវចំណាយប្រមាណ៤០០០ទៅ៦០០០ដុល្លារ ឯណោះ។

ក្រៅអំពីចុះ MOU ជាមួយសាកវិទ្យាល័យ UTAR របស់ប្រទេសម៉ាឡេស៊ី យើងក៏មានគម្រោងចុះកិច្ច សហប្រតិបត្តិជាមួយសាកលវិទ្យាខ្នាតអន្តរជាតិ២ផ្សេងទៀតដែរ ក្នុងនោះរួមមាន សាកលវិទ្យាល័យ ដុងពូ របស់ប្រទេសកូរ៉េ និងសាកលវិទ្យាល័យ នៅខេត្តយូណាន របស់ប្រទេសចិន ផងដែរ ហើយក្នុងឆ្នាំ២០២៣នេះ យើងក៏បានបញ្ជូននិស្សិតអាហាររូបករណ៍ចំនួន២នាក់ ឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ខេត្តយូណាន របស់ចិន រួចរាល់ហើយដែរ។

ការបង្កើតកិច្ចសហប្រតិបត្តិការនេះ គឺក្នុងគោលបំណងពង្រឹង លើកកម្ពស់គុណភាពសិក្សា និងកម្រិតការយល់ដឹងរបស់និស្សិត ដើម្បីបានការទទួលស្គាល់កម្រិតស្តង់ដាអន្តរជាតិ ហើយសម្រាប់និស្សិតដែលសិក្សានៅ SBKU ក្រោយបញ្ចប់ការសិក្សានឹងទទួលបានសញ្ញាបត្រចំនួន២ ក្នុងនោះមួយចេញដោយ SBKU និងមួយទៀតចេញដោយសាកវិទ្យាល័យ UTAR របស់ប្រទេសម៉ាឡេស៊ី។

សម្តេចព្រះសាកលវិទ្យាធិការ ក៏បានមានថេរៈដីការផងដែរថា SBKU ទើបតែដំណើរការបាន១ឆ្នាំប៉ុណ្ណោះ ហើយទទួលឲ្យនិស្សិតចូលរៀនដោយមិនបង់ប្រាក់ និងមានមុខជំនាញចំនួន២០ ប៉ុន្តែ ក៏កំពុងជួបការខ្វះខាតផងដែរ ព្រោះកំពុងធ្វើការសាងសង់បន្ថែមនូវអាគារកំពស់៧ជាន់ ដូច្នេះ សូមចម្រើនពរបិណ្ឌបាត ដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងសប្បុរសជន មេត្តាចូលរួមឧបត្ថមគាំទ្រ ដើម្បីថែរក្សាថ្នាល់បណ្តុះពុទ្ធិ ជាពិសេស សម្រាប់និស្សិតក្រីក្រ ទៅតាមកម្លាំងសទ្ធាជ្រះថ្លា៕