(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់អំពីការជួយសម្រួលដល់សិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ ទាំងកន្លែងស្នាក់នៅ និងទីតាំងផ្ញើកង់ ម៉ូតូ ដោយមិនគិតថ្លៃ។

ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន ​Fresh News ទទួលបានបញ្ជាក់ថា ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួលរៀបចំទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តាមទីកន្លែងដែលបានរៀបចំជូន។

ក្នុងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានដាក់នូវលេខទូរស័ព្ទ និងឈ្មោះ អ្នកដែលទទួលខុសត្រូវនៅតាមទីតាំងនីមួយៗ សម្រាប់ជាមធ្យោបាយងាយស្រួលក្នុងការទំនាក់ទំនងផងដែរ៕