(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ បាននាំយកប្រាក់បេឡាមរណសង្រ្គោះ ចំនួន៨០លានរៀលជួនក្រុមគ្រួសារសពសមាគមអតីតយុទ្ធជន ចំនួន២០គ្រួសារ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានថ្លែងថា ដោយមើលឃើញនូវទុក្ខលំបាក និងតម្រូវការចាំបាច់របស់ក្រុមគួ្រសារ អតីតសពយុទ្ធជនពលីមរណៈ ទើបសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរៀបចំបំពេញឯកសារពាក់ព័ន្ធផេ្សងៗ យ៉ាងប្រញ៉ាប់ប្រញ៉ាល់ឱ្យបានគ្រប់គ្រាន់ ដើម្បីពួកបានអញ្ជើញមកបើកប្រាក់មរណសង្រ្គោះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាផ្តល់ជូន ហើយសម្តេចតែងតែគិតគូរ ដល់បងប្អូនជាគ្រួសារសាច់ញាតិរបស់សពអតីតយុទ្ធជន ដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារជាតិមាតុភូមិនៃយើង។
លោកបន្តថា ថវិកាមរណសង្រ្គោះ ជាការរួមចំណែកដើម្បីដោះស្រាយជីវភាព បន្ទាន់របស់បងប្អូនជាគ្រួសារសព ជាតំរ៉ូវការចាំបាច់ក្នុងការបំពេញសេចក្តីខ្វះខាត ក្នុងជីវភាពគ្រួសារ។ ជាមួយគ្នានេះលោក លុយ ឡុំ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនិតិសម្បទា ខេត្តកំពង់ស្ពឺ ក៏បានឲ្យដឹងថា ក្រុមគ្រួសារអតីតសពយុទ្ធជន ដែលបានពាក់លីអាយុជីវិត ដើម្បីការពារជាតិមាតុភូមិចំនួន២០គ្រួសារ ទទួលបានការជួយឧប្បត្ថម្ភប្រាក់បេឡាមរណ និងសង្រ្គោះក្នុងមួយគ្រួសារទទួលបាន៤លានរៀល៕