(ភ្នំពេញ)៖ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បានស្ងប់ស្ងាត់ទៅវិញ រដ្ឋាភិបាលចិន បានចាប់កម្មវិធីការទូតព័ត៌មានឡើងវិញហើយ។ តាមរយៈកម្មវិធីការទូតព័ត៌មាននេះ អ្នកព័ត៌មានទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានា ត្រូវបានអញ្ជើញទៅទស្សនកិច្ចនៅចិន ដើម្បីបើកការផ្សព្វផ្សាយពីការអភិវឌ្ឍរបស់ខ្លួន។ នៅឆ្នាំ២០២៣នេះ អ្នកសារព័ត៌មានកម្ពុជា និងបណ្តាប្រទេសជាច្រើន ត្រូវបានរៀបចំទស្សនកិច្ចនៅចិន។

ខេត្តក្វាងស៊ី ជាខេត្តមួយដ៏ធំរបស់ចិន ហើយមានភូមិសាស្ត្រជាប់នៅបរទេសអាស៊ាន។ អាជ្ញាធរខេត្តនេះ តែងនាំអ្នកព័ត៌មានពីប្រទេសសមាជិកអាស៊ានទៅទស្សនកិច្ច និងផ្សព្វផ្សាយពីការអភិវឌ្ឍនៅក្នុងខេត្ត។

នៅក្នុងសប្តាហ៍នេះ អ្នកសារព័ត៌មានកម្ពុជា និងបណ្តាបរទេសសមាជិកអាស៊ាន ត្រូវបានអញ្ជើញទៅកាន់ខេត្តក្វាងស៊ី ក្រោមកម្មវិធី «2023 Foreign Media Views Guangxi»។ កម្មវិធីនេះ មានរយៈពេលមួយសប្តាហ៍ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា។

អ្នកសារព័ត៌មានកម្ពុជាមកពី៦អង្គភាព ដឹកនាំដោយលោក ជួន ចាន់ភារុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ នៃក្រសួងព័ត៌មាន អញ្ជើញចេញពីកម្ពុជានៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។

តាមរយៈកម្មវិធីនេះ អ្នកព័ត៌មានកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចរោងចក្រផលិតយានយន្តដើរដោយអគ្គិសនី តំបន់ទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ល្បីៗរបស់ចិន។

លោក ជួន ចាន់ភារុណ យល់ឃើញថា ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន និងចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រជាជនចិន។ លោកសង្ឃឹមថា ដំណើរទៅកាន់ខេត្តក្វាងស៊ីលើកនេះ នឹងពង្រឹងទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយធំៗរបស់កម្ពុជា ជាមួយខេត្តក្វាងស៊ី និងស្ថាបន័ព័ត៌មានប្រទេសអាស៊ានដទៃទៀត ។

តាមរយៈដំណើរទស្សនកិច្ចទៅកាន់ខេត្តក្វាងស៊ីលើកនេះ លោក ភារុណ រំពឹងថា នឹងបានរៀនសូត្រពីបទពិសោធន៍នៃការអភិវឌ្ឍរបស់ខេត្តក្វាងស៊ី ហើយនឹងឆ្លៀតយកឱកាសនេះ ដើម្បីផ្សព្វផ្សាយឱ្យប្រព័ន្ធផ្សព្វផ្សាយពីប្រទេសចិន និងអាស៊ាន ឱ្យកាន់តែចាប់អារម្មណ៍មកលើប្រទេសកម្ពុជា ក្នុង​គោល​បំណងទាក់​ទាញ​ភ្ញៀវ​ទេសចរ​ចិន​ និងពីបណ្តារប្រទេសអាស៊ានមកទស្សនាប្រទេស​កម្ពុជា។

បណ្តាញផ្សព្វផ្សាយដែលអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើរួមមាន៖ Fresh News, The Cambodia China Times (ហៅកាត់ស៊ីស៊ីថាមស), សារព័ត៌មាននគរវត្ត, Sabay Digital Plus, កម្ពុជាថ្មី​, The Commercial News៕